ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់យ៉ាងអណោចអធម្ម បន្ទាប់ពីមានរថយន្តធន់ធំមួយគ្រឿងបុកអូសជាច្រើនម៉ែត្រ កាលពីវេលាម៉ោង ២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី៥ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុច មុខច្រកចូលបុរីសង្ឃឹមថ្មី ក្នុងភូមិវាល សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ កាន សុខគង់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេប្រេម រស់នៅក្នុងភូមិត្រពាំងសុព័រ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជិះម៉ូតូស្កុបពី ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខកណ្តាល1AJ.0821ជិះតែម្នាក់ឯង។ ចំណែករថយន្តម៉ាកNISSAN UD1400ប្រភេទរថយន្តដឹកទំនិញធុនធំ ពណ៌សលាយបៃតង ពាក់ផ្លាកលេខភ្នំពេញ3C.0531 បើកដោយបុរសម្នាក់។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាដំបូងឡើយគេឃើញម៉ូតូម៉ាកស្កុបពី បើកបរតាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំខាងលើបើកតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត យ៉ាងលឿនដូចគ្នាហេីយបានវ៉ាជែងរថយន្តមួយគ្រឿងទៀត បានជ្រុលមកចំណីផ្លូវខាងស្ដាំម៉ូតូបណ្តាលឲ្យបុកចំពីមុខពេញទំហឹងអូសប្រហែល១០០ម៉ែត្រ ធ្វេីឲ្យមនុស្សខ្ទាតចេញហើយកិនបែកក្បាលខ្ទិចស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ រីឯម៉ូតូរងការខូចខាតយ៉ាងដំណំនៅក្រោមរថយន្តតែម្ដង។ ដោយឡែកអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី ។
ចំណែកសពជនរងគ្រោះខាងលេីត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឲ្យសាច់ញាតិដឹកយកទៅស្រុកអង្គស្នួលធ្វើបុណ្យតាមប្រពៃណី៕