ខេត្ដស្វាយរៀង៖ នៅរសៀលថ្ងៃសុក្រ ៧រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង
ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ខេត្ត តំណាងឯកឧត្ដមអភិបាលខេត្ត បានចុះជួបសំណេះសំណាលជាមួយលោកនាយក នាយករង លោកស្រីនាយិករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យហ៊ុន សែន ស្វាយជ្រំ ដើម្បីពន្យល់ណែនាំ ជម្រាបការយល់ដឹងអំពីមេរោគកូវីដ១៩ និងវិធីការពារខ្លួនពីជំងឺនេះ និងមិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិតទាក់ទង ជាមួយការយកមន្ទីរពេទ្យបង្អែកស្វាយជ្រំជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩។
ពិធីនេះមានការចូលរួមពីលោកប្រធានមន្ទីរ អនុប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកស្វាយជ្រំ ក្រុមការងារឆ្លើយតបបន្ទាន់ មន្ទីរសុខាភិបាលខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាល ឯកឧត្ដមអភិបាលរងខេត្ត បានពាំនាំនូវការផ្ដាំផ្ញើពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្ត នឹងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត មកជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
បន្ថែមពីលើនេះឯកឧត្ដម បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សូមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយក្នុងថ្នាក់ ក្នុងសាលាអោយបានល្អ កុំមានភាពភ័យខ្លាច សូមរក្សាគម្លាតសង្គមអោយបានខ្ជាប់ខ្ជូន លាងដៃជាមួយសាប៊ូ និងអាល់កុល ពាក់ម៉ាស់អោយបានត្រឹមត្រូវទាំងក្នុងថ្នាក់ និងម៉ោងចេញលេង ហើយអ្វីដែលសំខាន់សូមដានតាមផេកផ្លូវការរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តស្វាយរៀង មិនត្រូវជឿជាក់លើផ្សព្វផ្សាយបំផុសបំផុល តាមបណ្ដាញសង្គមនានាដែលបង្ហោះព័ត៌មានមិនពិត ត្រូវជឿជាក់លើការដឹកនាំរបស់ឯកឧត្ដមអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ។
ជាពិសេសសូមលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលនិងរដ្ឋបាលខេត្តស្វាយរៀង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ៕