ខេត្ដបន្ទាយមានជ័យ៖ នៅម៉ោង៤និង៤៥នាទីព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ការពារព្រំដែនគោក៩១១សិលាខ្មែរ បានឃាត់រថយន្ត១គ្រឿង លើកំណាត់ផ្លូវជាតិលេខ៥៨ ចំណុចប៉ុស្តិ៍ត្រួតពិនិត្យនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានរកឃើញមានដឹកជនជាតិថៃចំនួន៥នាក់ (ស្រី១នាក់) ឆ្លងដែនចូលមកទឹកដីខ្មែរដោយខុសច្បាប់ ។
លោក សូ ចាន់ណារី មេបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថាម្ចាស់រថយន្តឈ្មោះ សោភ័ណ្ឌ
សវត្ស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បានបើករថយន្ដម៉ាកនីសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-0130។ ចំណែកជនជាតិថៃទាំង៥នាក់ មាន ១-ឈ្មោះ អាំថាក់ ឆៃ ភេទប្រុស អាយុ២១ឆ្នាំ, ២-ឈ្មោះ វិផា ផន ភេទស្រី អាយុ ២២ឆ្នាំ, ៣-ឈ្មោះ អ៊ឹម អាំម៉ាលីម ភេទប្រុស អាយុ២១ឆ្នាំ ៤-ឈ្មោះ ម៉ា លុត ភេទប្រុស អាយុ២១ឆ្នាំ និង៥-ឈ្មោះចឹក ទូឡុង អាយុ២២ឆ្នាំ នៅប្រទេសថៃ។ បើតាមចម្លើយសារភាពរបស់ជនជាតិថៃ ថា មិនស្គាល់មេខ្យល់នាំចេញ និងមិនស្គាល់ច្រកចេញនោះដែរ ។
លោកមេបញ្ជាការ បានបញ្ជាក់ថា បច្ចុប្បន្ន អ្នកបើកបររថយន្ត និងជនជាតិថៃទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍សិលាខ្មែរ បានប្រគល់ទៅឲ្យនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីសាកសួរ និងរៀបចំសំណុំរឿងចាត់ការបន្តតាមនិតិវិធី៕