ខេត្តបន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថចុះធ្វើការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយជំនាញជលផលបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ *យោងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០៩និង០០នាទី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន អ.ហ ស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋាន អ.ហ ស្រុកមង្គលបូរីចំនួន៥០នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះប្រតិបត្តិការបង្រ្កាបករណីឈូសឆាយកាប់ឆ្ការគាស់រានឈូសឆាយព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល នឹងឃាត់ខ្លួនមនុស្សបន្តបន្ទាប់ចំនួន០៨នាក់ មានឈ្មោះខាងក្រោម៖
*១/.ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ មេការ រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ, *២/.ឈ្មោះ ឯក ឈីរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ អ្នកកាសែត, *៣/.ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកអេសស្កា, *៤/.ឈ្មោះ នឿន ណុច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកអេសស្កា *៥/.ឈ្មោះ មក់ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកអេសស្កា, *៦/.ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកគោយន្តច្នៃដឹកដី, *៧/.ឈ្មោះ ឡា សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកឡានដឹកដី, *៨/.ឈ្មោះ ហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ ព្រមទាំងដកហូតសម្ភារៈវត្ថុតាងរួមមាន៖
១/.ត្រាក់ទ័រ ០១គ្រឿង ម៉ាកគូបូតា៦០៤០ ឆ្នាំផលិត២០១៧ ពណ៌ក្រហម
២/.គោយន្ត ០៣គ្រឿង ម៉ាកគូបូតា RT14 ពណ៌ក្រហម
៣/.រថយន្តច្នៃបែនដឹកដី ០១គ្រឿង ពណ៌បៃតងគ្មានស្លាកលេខ
៤/.រថយន្តដឹកដី ០១គ្រឿង ពណ៌ស ផលិតឆ្នាំ១៩៩៩ ស្លាកលេខ បន្ទាយមានជ័យ 3A-1251
៥.អេសស្កាកាយដី ០៣គ្រឿង ម៉ាកCAT B312 ពណ៌លឿង
៦/.កាណូត (ស្មាច់) ០៨គ្រឿង
៧/.ក្បូនមានដំបូលចំនួន០៨ គ្រឿង
៨/.ម៉ាស៊ីនកាណូត ១៦ គ្រឿង
៩/.ម៉ាស៊ីនបូមខ្យល់ ០១គ្រឿង
១០/.ម៉ូតូ ០៣ គ្រឿង (ម៉ាកវ៉េវអេស ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1M-8472, ម៉ាកស៊ូមើអ៊ិច ពណ៌ក្រហម ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-7691, ម៉ាកអ៊ឹមដេ ពណ៌ខៀវ)
១១/.ម៉ូតូកង់បី (passapp) ០១គ្រឿង ម៉ាកGPS ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HR-2912
១២/.ទូរស័ព្ទ ០៧ គ្រឿង (ម៉ាកអាយហ្វូនចំនួន០២គ្រឿង , ម៉ាកOPPOចំនួន០២គ្រឿង, ម៉ាកស៊ាំស៊ុង០១គ្រឿង, ម៉ាកHUOAWEI ចំនួន០១គ្រឿង, ម៉ាកVIVO ចំនួន០១គ្រឿង) និងសម្ភារ:មួយចំនួនទៀត ។
លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសាកសួរចម្លើយ ។
ក្រោយពីកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខសាកសួរចម្លើយរួចមក ជនសង្ស័យចំនួន០៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីឱ្យគេប៉ុណ្ណោះ ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់គាត់ពិតជាបានឱ្យគេឈូសឆាយ និងលើកផ្លូវលើដីនោះក្នុងគោលបំំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន ។
ដោយផ្អែកលើការស៊ើបអង្កេតឃើញថាដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្ត និងផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ យើងអាចសន្និដ្ឋានបានថា ជនសង្ស័យទាំង០៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពិតប្រាកដមែន។
បច្ចុនប្បន្ន ជនសង្ស័យទាំង០៨នាក់ ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយជំនាញជលផលបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃអាទិត្យ ទី១៦ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្ន៕ដោយលោកចាន់ពុធ