ខេត្តកំពង់ចាម ៖ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានលើកឡើងថា ការអនុវត្តវិធានការ ” ៣ការ ពារ ៣កុំ និង ២ចូលរួម គឺជាការកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ឯកឧត្តមបន្តថា ចូរបងប្អូនប្រជាពលរដ្ឋត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ ឱ្យបានខ្ពស់ ដោយចូលរួមអនុវត្តន៍តាមវិធានការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាលឱ្យបានគ្រប់ៗគ្នា ពិសេសគឺអនុវត្តន៍នូវវិធានការ ៣ការពារ ៣កុំ, ៣ការពារ មានដូចជា ការពាក់ម៉ាសនៅគ្រប់ទីសាធារណៈ, លាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម ចាប់ពីមួយម៉ែត្រកន្លះឡើងទៅ និង៣កុំ មានដូចជា កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល, កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា។ ការចូលរួមអនុវត្តនូវវិធានការទាំងនេះគឺយើងទាំងអស់គ្នា បានទប់ស្កាត់ និងការពារជំងីកូវីដ-១៩ ដើម្បីខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិ។ ការកាត់ផ្តាច់ ការចម្លង ការរាតត្បាតនៃជំងីកូវីដ-១៩ វាផ្តើមចេញពីយើងម្នាក់ៗ ជាអ្នកចូលរួម។
នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុង ឱកាសដែលឯកឧត្តមនិងលោកជំទាវ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ ដឹកនាំក្នុងខេត្តអញ្ជើញចែកអំណោយរបស់សមាគមធម្មកថិកព្រះសង្ឃកម្ពុជា នៅប្រទេស អូស្ត្រាលីចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ និងរងគ្រោះដោយជំងឺកូវីដ១៩ ចំនួន១៥០គ្រួសារ នៅក្នុងក្រុងកំពង់ចាម នាព្រឹកថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងទី១៩ ខែឧសភា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើងថា សុខភាពជាទ្រព្យសម្បត្តិដ៏សំខាន់ណាស់ ចូរបងប្អូនរួមគ្នាថែរក្សាសុខភាពឱ្យបានល្អ ពិសេសក្នុងបរិបទនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ គឺត្រូវចេះរស់នៅតាមរបត់គន្លងថ្មី គឺត្រូវអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលពិសេសគឺអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល៣កុំ និង៣ការពារ ឱ្យបាន ជាប់ជាប្រចាំ ទើបយើងមានសុខភាពល្អហើយកាត់ផ្តាច់ ការចម្លង ការរាតត្បាតនៃជំងីកូវីដ-១៩ ដល់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិយើង។
ឯកឧត្តម អ៊ុន ចាន់ដា ក៏បានថ្លែងអំណរគុណដល់សមាគមធម្មកថិកព្រះសង្ឃកម្ពុជា នៅប្រទេសអូស្ត្រាលី ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនបងប្អូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយឡើយពិសេសក្នុងផ្តល់ស្បៀងជូនដល់ជនដែលងាយរងគ្រោះ និងរងផលប៉ះពាល់ ដោយជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋទាំង១៥០គ្រួសារ ដោយ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ អំបិល ប៊ីចេង ខ្ទឹម ប្រេងឆា និងថវិកា ៤០,០០០ រៀល៕