ខេត្តស្វាយរៀង៖ឯកឧត្តមបណ្ឌិត កែរ រដ្ឋា មានប្រសាសន៍ក្នុងឱកាសចុះពិនិត្យការងារយកសំណាកលើកទី៣ ដល់កម្មករ កម្មការនីរោងចក្រយូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ ។
ចូលរួមអមដំណើរឯកឧត្តមបណ្ឌិតមាន លោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានមន្ទីរសុខាភិបាលខេត្តទទួលបន្ទុកបច្ចេកទេសជំងឺកូវីដ-១៩ លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ទទួលបន្ទុកការងាររុករកស្រាវជ្រាវ ជំងឺកូវីដ-១៩ និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័ក ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអ្នកសារព័ត៌មានយើងថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកបានយកសំណាកកម្មករ កម្មការនី ចំនួន ២.៥១១នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៤៨នាក់។
រោងចក្រចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ដែលបានយកសំណាក មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធិន មានរោងចក្រ សាន់ ហ្វេង រោងចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានរោងចក្រ អេអិនជេ ។
ចំពោះប្រភពចម្លងមានការពិបាកសន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន នឹងចម្លងគ្នា ហើយចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា បានអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួនទេ។
ប្រសិនបើចត្តាឡីស័កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកអ្នកពាក់ព័ន្ធជាច្រើនទៀតទៅធ្វើចត្តាឡីស័ក ។
ឯកឧត្តមបណ្ឌិត បានកោតសរសើរដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនី មួយចំនួនដែលស្នើសុំធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ ដោយសារពួកគាត់យល់ដឹង ពុំចង់ចម្លងរោគដល់ក្រុមគ្រួសាររបស់ពួកគាត់ ហើយពួកគាត់បានបញ្ជាក់ថា នៅក្នុងរោងចក្រ ត្រូវបានថៅកែរោងចក្រគិតគូរតាំងពីការហូបចុក និងកន្លែងស្នាក់នៅ និងមិនមានការកាត់ប្រាក់ខែទៀតផង ។
ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ពាំនាំនូវពាក្យផ្តាំផ្ញើពីសំណាក់លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត សូមកម្មករ កម្មការនី រោងចក្រ គោរពឱ្យបាននូវវិធានការចត្តាឡីស័កដែលក្រសួងសុខាភិបាលដាក់ចេញ ជាពិសេសវិធានការ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន ។
លោកជំទាវកិត្តិសង្កហបណ្ឌិត ម៉ែន សំអន និងឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត សូមប្រសិទ្ធពរជ័យ ដល់ក្មួយៗ កម្មករ កម្មការនី មានសុខភាពល្អ ជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ។
ឯកឧត្តមបណ្ឌិត បានផ្តល់រាយការណ៍ជូនអ្នកសារព័ត៌មានយើងថា រហូតដល់ថ្ងែនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៨២០នាក់ ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន ៤៣៦៥នាក់ ស្រី ១២៧៧នាក់។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន ៤៣៨៨នាក់ ក្នុងនោះ អ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប ៤៣១៨នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន ៧០នាក់។ លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន ៨៥០៩នាក់ ស្រី ៣៤៨១នាក់ និងយកសំណាកលើកទី២ សរុប២២៣១នាក់ ស្រី ៨៣៤នាក់ ហើយនិងយកសំណាកលើកទី៣ សរុប ៤៦នាក់ ស្រី ២៥នាក់ ៕