ខេត្ដស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញទទួលយកអំណោយពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ដឹកនាំដោយឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជាយើងមានវត្តមានជំងឺ កូវីដ១៩ ក្នុងសហគមន៍ ក៏ដូចជាព្រឹត្តិការណ៍២០កុម្ភៈនាពេលបច្ចុប្បន្ន រដ្ឋបាលខេត្តស្វាយរៀងបាន និងកំពុងខិតខំយកចិត្តទុកដាក់ក្នុងការចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺនេះយ៉ាងសកម្ម ជាពិសេសរដ្ឋបាលខេត្តបានបង្កើតនូវគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ និងក្រុមការងារស្រាវជ្រាវ តាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ១៩ក្នុងខេត្ត ដើម្បីមានវិធានការក្នុងការទប់ស្កាត់ការឆ្លងឱ្យបានទាន់ពេលវេលា។
ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងនូវការអរគុណចំពោះឯកឧត្តម ឌិន ស៊ីវុទ្ធី ប្រធានសាលាដំបូងខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជ្ញាអាជ្ញាអមសាលាដំបូងខេត្ត និងសហការី ដែលបាននាំយកនូវសម្ភារៈប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជូនដល់រដ្ឋបាលខេត្តស្វាយរៀងនៅពេលនេះ គឺបានបញ្ជាក់ឱ្យឃើញពីទឹកចិត្តសប្បុរសធម៌ និងជាវប្បធម៌នៃការចែករំលែកទៅលើការជួយគ្នា ត្រូវនឹងកាលៈទេសៈនាពេលបច្ចុប្បន្ន។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា អំណោយដែលរដ្ឋបាលខេត្តទទួលបាននៅថ្ងៃនេះ និងយកទៅចាត់ចែងប្រើប្រាស់អោយចំគោលដៅក្នុងសកម្មភាពយុទ្ធនាការផ្សព្វផ្សាយអប់រំនូវវិធានការបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
អំណោយដែលសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀងផ្តល់ជូនដល់រដ្ឋបាលខេត្តរួមមាន ម៉ាសចំនួន៤កេះធំ ស្មើនឹង ១ម៉ឺនម៉ាស់, អាល់កុលចំនួន១០កាន និងមីម៉ាម៉ាចំនួន ៥០០កេះតូច៕