ខេត្ដកំពង់ចាម៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោក សុធា ពិសិដ្ឋ បានបញ្ជាកម្លាំងចុះបង្ក្រាបករណីរារាំងដល់ការអនុវត្តវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀរភ្នាល់ដាក់ប្រាក់) នៅក្នុងចម្ការស្វាយមួយកន្លែង ស្ថិតក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។
ក្នុងប្រតិបត្តិការបង្ក្រា និងចាប់ខ្លួនមុខសញ្ញាចំនួន ៧នាក់គឺ ឈ្មោះ ហ៊ុន ចាន់ផន ភេទស្រី អាយុ ៣១ឆ្នាំ ជាតិខ្មែរ, ឈ្មោះ សេង សុខណៃ ភេទស្រី អាយុ ៣៥ឆ្នាំ ជាតិខ្មែរ, ឈ្មោះ ជា ណារី ភេទស្រី អាយុ ៣៩ឆ្នាំ ជាតិខ្មែរ, ឈ្មោះ ហួយ រស្មី ភេទស្រី អាយុ ៣៨ឆ្នាំ ជាតិខ្មែរ, ឈ្មោះ គឹម ដានី ភេទស្រី អាយុ ៤០ឆ្នាំ ជាតិខ្មែរ, ឈ្មោះ ថេង សេង ភេទប្រុស អាយុ ៥២ឆ្នាំ ជាតិខ្មែរ, ឈ្មោះ ស្រ៊ី ប៊ុនហេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ ។ ពួកគេទាំង៧នាក់ រស់នៅស្រុកកងមាស ខេត្តកំពង់ចាម។
ចំពោះវត្ថុតាងដកហូតបានរួមមាន បៀរនីឡុងចំនួន២ហ៊ូ (១ហ៊ូ ៥២សន្លឹក), កម្រាលក្រាលលេងបៀរចំនួន១, ចានទ្រអាប៉ោងចំនួន១, សៀវភៅកត់លេខឆ្នោតចំនួន ១ក្បាល, ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន ១៤សន្លឹក, ទូរស័ព្ទដៃចំនួន ៤គ្រឿង, ម៉ូតូចំនួន ៣គ្រឿង, ប្រាក់រៀលចំនួន ១,៣៥០,០០០រៀល (មួយលានសាមប្រាំម៉ឺនរៀល), ប្រាក់ដុល្លាចំនួន ៥០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យចំនួន ៧នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ចូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនិតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕