ខេត្ដកំពង់ចាម៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអាជ្ញាធរខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានកោតសសើរចំពោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងសស្រាក់សស្រាំ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។
ក្នុងឪកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើរដល់សមាគមន៍នារី និងរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ឲ្យបន្តគោរព និងអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រួងសុខាភិបាល ជាពិសេស វិធានការណ៍ ៣ការពារ ៣កុំ របស់រដ្ឋាភិបាលរាជរដ្ឋាភិបាល ក្នុងការលុបបំបាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។
ជាមួយគ្នានោះ លោកជំទាវក៏បាននាំយកអំណោយមកប្រគល់ជូនដល់សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម រួមមាន ៖ ម៉ាស់ ៧.៥០០ម៉ាស់ ជែល ១៤៤ដប និងថវិកា ៣លានរៀលផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត បានអញ្ជើញ សួរសុខទុក្ខ លោកជំទាវ ហម អ៉ីម សមាជិកាកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម (មានជម្ងឺត្បៀតសសៃឈាមអាក់ទែបេះដូង) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាមផងដែរ ៕