ខេត្តកំពត ៖ មន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងខេត្តកំពត បានរិះគន់យ៉ាងខ្លាំងដល់អាជ្ញាធរខេត្ត ពិសេសលោកចៅហ្វាយខេត្ត មេជលផល និងមេសូរិយាដីខេត្ត បានត្រឹមតែចុះពិនិត្យហើយណែនាំ តែមិនអាចទប់ស្កាត់ការចាក់ដីចូលព្រែកកំពត ហៅព្រែកកោះតូច និងសំណង់បំពានចំណីព្រែក ក្នុងឃុំកោះតូច ស្រុកទឹកឈូ រំលោភយកធ្វើកម្មសិទ្ធិយ៉ាងរំភើយពីសំណាកបុគ្គលឈ្មោះ ហេង សុភី ដែលអ្នកកំពតស្គាល់ថា ជាអ្នកមានលុយស្តុកស្តនឹងមានអ្នកមានអំណាចនៅពីក្រោយខ្នងទៀតផង ។
បើតាមសេចក្តីរាយការណ៍ថា ករណីចាក់ដី បូមដី និងធ្វើសំណង់រឹងបំពានដីចំណីព្រែកនិងដងព្រែក របស់បុគ្គលមានលុយកាក់ មានអំណាចខាងលើនេះមានជនមួយចំនួននៅតាមដងព្រែកកោះតូចស្ថិតនៅចំណុចជិតស្ពានរថភ្លើងដែលមានព្រំប្រទល់រវាងភូមិព្រែកចេក និងភូមិគីឡូ១២ ក្នុងឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត គឺជាករណី បំពានខុសគោលការណ៍បច្ចេកទេស នីតិវិធីច្បាប់ និងការកំណត់ដីចំណីព្រែក។
ក្រុមមន្ត្រី នឹងប្រជាពលរដ្ឋក្នុងខេត្តបានបញ្ជាក់ថា ការចាក់លុប ធ្វើរបងថ្មហ៊ុមព័ទ្ធរំលោភយកដីព្រែក ដីចំនីផ្លូវរថភ្លើង មួយកន្លែង នៅចំនុចខាងលើស្ពានផ្លូវរថភ្លើង ព្រែកកោះតូច ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ពីលោក ហេង សុភី ដែលគេស្គាល់ថាជាអ្នកមានទឹកលុយនិងខ្សែធំ មិនខ្វល់និងចំណាត់ការរបស់ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលដែល ឯកឧត្តមបាន ប្រមានយ៉ាងធ្ងន់ៗចំនួន២លើករួចមកហើយ ឲ្យរុះរើនិងកាយចេញជាបន្ទាន់ តែប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ បានលើកឡើងថាចំណាត់ការរបស់លោកចៅហ្វាយខេត្តដូចជាមិនមានប្រសិទ្ធភាពទាល់តែសោះហ្មង! ហើយប្រជាពលរដ្ឋបានលើកឡើងបន្ថែមទៀតថា គ្មានឃើញ អាជ្ញាធរឬមន្ត្រីជំនាញរូបណាហ៊ានចុះរុះរើផង ឃើញតែលោក ហេង សុភី ចាក់ដីលុបនិងសាងសង់បន្ថែមទៀតដោយមិនខ្វល់សោះ ប្រហែលបុគ្គលរូបនេះខ្សែធំហើយមើលទៅបានជាមន្រ្តីជំនាញមិនហ៊ានជាមួយសោះ។
ចុងក្រោយនេះដោយមើលឃើញពីបញ្ហា រំលោភបំពានខុសច្បាប់ខាងលើនេះ រដ្ឋបាលខេត្តកំពត កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណះអភិបាលខេត្ត បានដឹកនាំ មន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យដល់ទីតាំងជាក់ស្ដែងតែម្តង នឹងធ្វើការព្រមានហាមឃាត់បញ្ឈប់សកម្មភាពជាបន្ទាន់ ដល់បុគ្គលដែលជាអ្នកអនុវត្តសកម្មភាពរំលោភបំពានករណីខាងលើនេះ។
ក្នុងឱកាសនោះឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានក្រើនរំលឹកបុគ្គលរំលោភបំពានដីចំណីព្រែករួមនឹងបុគ្គលផ្សេងៗទៀតដែលពាក់ព័ន្ធនឹងការរំលោភបំពានដីសាធារណៈរបស់រដ្ឋយកមកគ្រប់គ្រងដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ គឺមិនអាចយកដីសាធារណៈរបស់រដ្ឋ ដោយបំពានច្បាប់បានឡើយពិសេសពាក់ព័ន្ធ ការរំលោភបំពានដីចំណីព្រែកដែលខុសនឹងគោលការណ៍បច្ចេកទេសផ្លូវទឹកនាពេលនេះជាដើម។
ពាក់ព័ន្ធនឹងការរំលោភបំពានដីចំណីព្រែកនេះផងដែរឯកឧត្តមអភិបាលខេត្តក៏បានដាក់ចំណាត់ការដល់ លោក នាក់ សុវណ្ណារីអភិបាលស្រុកទឹកឈូ ឲ្យអនុវត្តតាមនីតិវិធីច្បាប់ ចំពោះសំណង់ និងអាចម៍ដីដែលបានចាក់រួមនឹងដីបូមលុបតាមដងព្រែក ចំណីព្រែកត្រូវតែកាយចេញដើម្បីបើកផ្លូវទឹក ឲ្យបានឆាប់រហ័សជាបន្ទាន់ ។ ក្នុងករណីអនុវត្តមានការរាំងស្ទះដោយបញ្ហាណាមួយដែលមិនមានការចូលរួមសហការពីបុគ្គលរំលោភបំពាននោះទេសូមរៀបចំឯកសារសម្រាប់រដ្ឋបាលខេត្តដាក់ជូនទៅតុលាការធ្វើចំណាត់ការតាមនីតិវិធីផ្លូវច្បាប់។
ពាក់ព័ន្ធនឹងករណីចាក់ដីរំលុបព្រែកចំណុចខាងលើលោភយកធ្វើកម្មសិទ្ធិនេះក្រុមការងារសារព័ត៌មាន បានទំនាក់ទំនងទៅលោក ជាវ តាយ អភិបាលខេត្តកំពត ដើម្បីសុំការបំភ្លឺជុំវិញករណីនេះដែរ ដោយលោកបានឆ្លើយប្រាប់ថា៖ រឿងលក់ព្រែក លុបព្រែកលោកមិនដឹងទេ ហើយនៅម្តុំណាដែរទាន! ចុងក្រោយលោកឆ្លើយថាច្រឡំលេខហើយទាន! រួចក៏បិទទូរស័ព្ទវិញតែម្តង ។
ចំណែកលោក នាក់ សុវណ្ណារី អភិបាលស្រុក ទឹកឈូ បានប្រាប់ក្រុមការងារសារព័ត៌មាន តាមទូរស័ព្ទថា៖ ពាក់ព័ន្ឌនិងការចាក់ដីនេះរូបលោកនិងមន្ត្រីមូលដ្ឋានបានធ្វើសេចក្តីជូនដំណឹងឲ្យម្ចាស់ដីបញ្ឍប់ការចាក់ និងកាយអាចម៍ដីនោះចេញវិញ លោកបានចេញលិខិតកាលពីថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១ ហើយលោកអភិបាលស្រុករូបនេះបានបញ្ជាក់ថា រូបភាពដែលអង្គភាពព័ត៌មាន យើងទទួលបាននេះ គឺជារូបភាពចាស់ទេ ។ ឥឡូវគេកាយចេញវិញអស់ហើយ ។ បើមានគឺមាននៅខាងក្នុងៗ ដែលមិនទាន់កាយ ។ ជាមួយគ្នានេះផងដែរលោកអភិបាលស្រុកក៏បានអគុណអ្នកសារព័ត៌មានដែលបានសម្ភាសន៍។
តែទោះជាយ៉ាងណាមន្ត្រីក្នុងខេត្តនិងប្រជាពលរដ្ឋបញ្ជាក់ថា រូបភាពចាក់់ដីខាងលើនេះជារូបភាពថ្មី ហើយដីនៅតែដី ដោយគ្មានឃើញកាយអាចម៍ដីចេញវិញនោះទេរហូតមកដល់ថ្ងៃនេះ។
ជុំវិញរឿងរ៉ាវនេះក្រុមហ៊ុនអង្គភាពសារព័ត៌មានយើង ព្យាយាមសុំការបញ្ជាក់ពីលោក ហេង សុភី ម្ចាស់ចាក់ដីខាងលើនេះដែរតែមិនអាចទាក់ទងបាន ៕