ខេត្តកំពង់ធំ ៖ រ៉ឺម៉កយក្ស ដឹកឈើខុសច្បាប់ មួយគ្រឿង ត្រូវបានលោក ស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងចុះបង្រ្កាប ក្រោយមានការបញ្ជាពីលោក ប៉ែន.វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឃាត់នៅចំនុច ភូមិបុស្សវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២ខែកក្តដា ឆ្នាំ២០២១។
តាមការឲ្យដឹង ពីមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ បានឲ្យដឹងថា ការដឹកជញ្ជូន ឈើដោយខុសច្បាប់ គឺត្រូវបានការណែនាំពី ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត.និងផ្នែករដ្ឋបាលព្រៃឈើស្ទោង រួមទាំងនាយសង្កាត់ឲ្យទប់ស្កាត់ការលួចដឹកជញ្ជូនឈើដោយខុសច្បាប់ តែក្រុមឈ្មួញទាំងនេះ តែងតែធ្វើសកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់នៅពេលដែល មន្ត្រីរដ្ឋបាលព្រៃឈើរវល់ចេញទៅបំពេញប៉េសកម្ម។
លោក តុង.យី នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ បានឲ្យដឹងថា ចំពោះការដឹកជញ្ជូនឈើដោយខុសច្បាប់នេះ បន្ទាប់ពីទទួលព័ត៌មានពីលោកប្រធានមន្ទីរកសិកម្មខេត្ត លោកបាន ឲ្យលោកស៊ិនតូ តុលា នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទោង ដឹកនាំកម្លាំងផ្នែកស្ទោង សហការជាមួយកម្លាំង សង្កាត់សាលាវិស័យ និងសង្កាត់តាំងក្រសាំង ចុះបង្រ្កាប បានទាំងរ៉ឺម៉ក.និងឈើ ហើយបាននាំយកទៅរក្សាទុកនៅ សង្កាត់រដ្ឋបាលព្រៃឈើសាលាវិស័យ ដើម្បីរងចាំវាស់វែងចំនួនពិតប្រកដ។ ដោយ ប៊ុន រដ្ឋា