ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ដែលជាមុខសញ្ញាឆក់ទូរស័ព្ទនិងសម្ភារៈមានតម្លៃយ៉ាងសកម្មត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍នគរបាលកាកាបទី១ ធ្វើការឃាត់ខ្លួនបាន ទាំងព្រឹកព្រលឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ខណៈជនសង្ស័យជិះម៉ូតូបម្រុងធ្វើសកម្មភាពឆក់ទៅលើប្រជាពលរដ្ឋតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងល្វា១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១មានឈ្មោះ ផ ម ន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរប៉ះកង់ ស្នាក់ភូមិតាងួន សង្កាត់កាកាបទី១។
ទី២មានឈ្មោះ ច វឌ ប ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅខណ្ឌឬស្សីកែវ។
ទី៣មានឈ្មោះ ច រ ថ ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដក៏ ស្នាក់នៅភូមិតំណាក់ សង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
ទី៤មានឈ្មោះ ភ ស ភ វ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
សម្ភារដកហូតមាន ម៉ូតូស្កុបពីពណ៍ក្រហមស៊េរីឆ្នាំ២០១៩ ស្លាកលេខភ្នំពេញ 1EH-6580 និងស្កុបពីពណ៍ខៀវ ស៊េរី២០២០ ស្លាកលេខភ្នំពេញ 1II-2348។
តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ ខណៈកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី១ កំពុងធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានស្របពេលនោះស្រាប់តែឃើញជនសង្ស័យខាងលើកំពុងរៀបចំធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋពេលឃើញសមត្ថកិច្ចជនសង្ស័យបានព្យាយាមជិះម៉ូតូគេចតែត្រូវកម្លាំងសមត្ថកិច្ចដេញធ្វើការឃាត់ខ្លួនបានភ្លាមៗយកមកសាកសួរនៅប៉ុស្តិ៍នគរបាលកាកាបទី ១ តែម្ដង។
ក្រោយពីធ្វើការឃាត់ខ្លួនរួចជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយនិងបម្រុងធ្វើសកម្មភាពឆក់ទៀតផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៤ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកាកាបទី១កសាងសំណុំរឿងបញ្ជូនបន្តទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងបញ្ជូនចាត់ការតាមនីតិវិធី៕