ខេត្តកែប៖ ដើមចមនៃអគ្គីភ័យដែលបានឆេះកម្ទេចផ្សារសេះស ក្នុងសង្កាត់អូរក្រសារ ក្រុងកែប អស់ប្រមាណ១២១តូប កាលពីល្ងាចថ្ងៃទី-១៩ ខែកក្កដា ឆ្នាំ២០២១ ត្រូវបានអាជ្ញាធរក្នុងតំបន់អះអាងថា គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ខណៈដែលមានខ្យល់កន្ទ្រាក់គួចដំបូលផ្សារ ហើយបានផ្តាច់ខ្សែចរន្តអគ្គិសនីដែលតខ្វាត់ខ្វែងក្នុងតូបលក់ដូររបស់អាជីវករ ទើបបង្កជាអណ្តាតភ្លើងឆាបឆេះឆ្លងពីតូបមួយទៅមួយ។
ប្រភពពីមន្ត្រីអាជ្ញាធរដដែលបានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត៦ល្ងាច អាកាសធាតុមានភាពអាប់អួ ថែមទាំងមានខ្យល់បោកបក់យ៉ាងខ្លាំង ទើបធ្វើឱ្យតូបលក់ដូររបស់បងប្អូនអាជីវករមួយចំនួនប៉ើងដំបូលជាហេតុនាំឱ្យដាច់ខ្សែភ្លើង បណ្តាលឱ្យទុស្សេខ្សែចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។
នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ គេឃើញវត្តមានក្រុមការងារកាកបាទក្រហម និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ បានចុះត្រួតពិនិត្យនៃទំហំការខូចខាតមុខទំនិញផ្សេងៗ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់កាកបាទក្រហមកម្ពុជាដើម្បីចែកជូនដល់ក្រុមអាជីវករ។
សូមជម្រាបថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ផ្សារសេះស ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យតូបលក់ដូរក្នុងផ្សារជាច្រើនតូបត្រូវក្លាយជាចំណីអគ្គិភ័យគួរឱ្យសោកស្តាយបំផុត។
ចំពោះទ្រព្យសម្បត្តិដែលឆេះក្លាយជាផេះនោះ គេពុំទាន់បានទទួលតួលេខជាក់លាក់នៅឡើយទេ ព្រោះពេលនេះខាងអាជ្ញាធរកំពុងស្រង់របាយការណ៍តាមតូបនិមួយៗ៕