ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗ និង៨នាក់ទៀតរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តកុងតៃន័រ បើកបរវ៉ាជែងជ្រុលទៅបុករុឺម៉កម៉ូតូកង់បី កាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤ មុខក្លោងទ្វារវត្តស្ងួនពេជ្រ ភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ស្ត្រីដែលស្លាប់មាន ឈ្មោះ វឿន ស្រីនី អាយុ៤៦ឆ្នាំ មានប្តីឈ្មោះ ម៉ក់ ចិត្ត្រា អាយុ៣៦ឆ្នាំ ចំណែកអ្នកបើករុឺម៉ក ត្រូវជាក្មួយមានឈ្មោះ ម៉ៅ ដន ភេទប្រុស អាយុ២៩ឆ្នាំ និងជនរងគ្រោះចំនួន៨នាក់ទៀត ត្រូវជាក្មួយ តូចៗ សរុបជិះលើរុឺម៉ក មានគ្នា៩នាក់សុទ្ធតែអ្នកប្រកបរបរដើរសុំទាន ស្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល មានស្រុកកំណើតនៅ ខេត្តព្រៃវែង ដោយឡែករថយន្តបង្កម៉ាកនីសាន់ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រះសីហនុ 3A-6481 អ្នកបើកបរគេចខ្លួនបាត់ ។
តាមអ្នកបើករុឺម៉ក បានឲ្យដឹងថា សព្វថ្ងៃពួកគាត់ជាអ្នកដើរសុំទាន តាមមុខរោងចក្រ ហើយមុនកើតហេតុ ពួកគាត់មានគ្នា៩នាក់ធ្វើដំណើរតាមរុឺម៉កម៉ូតូកង់បី ក្នុងបំណងចេញទៅរកសុំទាន នៅមុខរោងចក្រ បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើតលុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតៃន័រ បើកពីកើតទៅលិច ល្បឿនលឿន វ៉ាជែង ជ្រុលមកកៀររុឺម៉ក ក្រឡាប់ហើយកិន បណ្តាលឲ្យស្លាប់ម្នាក់ និង៨នាក់ទៀតរងរបួសតតែម្ដង ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ ជៀសវាងកកស្ទះ និងកសាងឯកសារ ប្រគល់សពជូនក្រុមគ្រួសារចាត់ចែង ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះក្មេងស្រីម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ៕