ខេត្តកណ្តាល ៖ នៅថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងាររួមមានថ្នាក់ដឹកនាំ លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល អភិបាលរងក្រុងតាខ្មៅ និងមន្ត្រីពាក់ព័ន្ធ ចុះអប់រំណែនាំដល់ម្ចាស់ដេប៉ូខ្សាច់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អំពីច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។
ឯកឧត្តម គឹម សាន់ បានបញ្ជាក់ថា ការចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ទាំងនោះ មានទិសដៅឲ្យម្ចាស់ដេប៉ូខ្សាច់ចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូន ដើម្បីបញ្ជៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភណ័ភាពទីក្រុង ជាពិសេសដើម្បីអប់រំពីចំណេះដឹងជុំវិញច្បាប់ចរាចរណ៍ និងផ្តោតលើការផាកពិន័យ និងការឃាត់ទុកយានយន្តដឹកជញ្ជូនដែលអនុលោមតាមច្បាប់ផ្លូវថ្នល់មាត្រា៦០។ ឯកឧត្តម ក៏បានណែនាំ និងជំរុញឲ្យម្ចាស់ដេប៉ូទាំងឡាយ ជួយផ្សព្វផ្សាយបន្តដល់ម្ចាស់យានយន្តដឹកជញ្ជូនទាំងអស់ឲ្យយល់ច្បាស់ និងគោរពតាមច្បាប់ដែលបានចែងមករួច ចៀសវាងការយល់ច្រលុំ និងទាមទារសុំឲ្យដឹកលើសទម្ងន់។
គួរបញ្ជាក់ថាកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានបាតុភាពនៃការប្រមូលផ្តុំក្រុមយានយន្តដឹកជញ្ជូនមួយក្រុម ដោយបានស្នើសុំលក្ខខណ្ឌ ៣ចំណុចដែលខុសពីច្បាប់ និងឯកសារគតិយុត្តិ រួមាន ស្នើសុំបន្ថែមទម្ងន់ផ្ទុកពី ៩ ដល់ ១៥តោនតាមប្រភេទយានយន្តនីមួយៗ ស្នើសុំកុំឱ្យមានឃាត់យានយន្តដឹកជញ្ជូនចំនួន១ឆ្នាំ ដោយត្រឹមតែពិន័យជាថវិកា និងស្នើសុំដោះលែងយានយន្តដឹកជញ្ជូនដែលកំពុងឃាត់ទុក។
យោងតាមប្រសាសន៍របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនដែលបានចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា ក្រសួងមិនអាចធ្វើតាមសំណូមពរ និងការស្នើសុំខាងលើបានឡើយ ដោយហេតុថា សំណើសុំទាំង៣ចំណុខាងលើ គឺផ្ទុយពីបទបញ្ញត្តិដូចមានចែងក្នុងមាត្រា២៦ និងមាត្រា៦០នៃច្បាប់ផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ហើយក្រសួងមិនមានសិទ្ធិក្នុងការកែប្រែច្បាប់នោះទេ ទាល់តែមានការធ្វើវិសោធនកម្មច្បាប់ជាថ្មី។ ក្រសួងនៅតែបន្តអនុវត្តតាមច្បាប់ដដែល ហើយក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងជាថ្មីម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ។
ក្រសួងក៏សូមអំពាវនាវចំពោះក្រុមហ៊ុននិងឯកជនដែលប្រកបអាជីវកម្មផ្នែកដឹកជញ្ជូនតាមរថយន្តធុនធ្ងន់ទាំងអស់ចូលរួមគោរពតាមនូវអនុសាសន៍ដ៌មានអត្តន័យរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា “ការប្រកបមុខរបរទទួលទាន ក៏ដូចជា ការបំពេញការងារ តាមវិជ្ជាជីវៈ របស់បងប្អូនប្រថាពលរដ្ឋ ប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវ គឺថាការតបស្នងដ៏សំខាន់ ដល់សង្គមជាតិ ដែលកំពុងមានសន្តិភាព និងការរីកចម្រើន អរគុណសន្តិភាព” និងចូលរួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងរាជរដ្ឋាភិបាល ដើម្បីគោរព និងអនុវត្តតាមបទប្បញ្ញត្តិច្បាប់ និងរួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាប់គង់វង្សតាមអាយុកាលកំណត់ ៕