ភ្នំពេញ៖ នៅថ្ងៃទី ២៣ កក្កដា ២០២១ នេះ គេឃើញកម្លាំងសាលាខណ្ឌកំបូល បានដាក់គ្រឿងចក្រឈូសឆាយ បង្គោលរបង ដែលខ្លួនបាន អះអាងថា លើដីកម្មសិទ្ធឯកជនស្របច្បាប់។
សូមជ្រាបផងដែរថា រដ្ឋបាលខណ្ឌកំបូល បានបំភ្លឺ កាលពីម្សិលម៉ិញថា ការបោះបង្គោលរបងលើដីកម្មសិទ្ធឯកជនស្របច្បាប់ ដែលមានទីតាំងនៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ដូចខាងក្រោម ៖ នៅល្ងាចថ្ងៃសៅទី១៧ខែកក្កដាឆ្នាំ២០២១ បន្ទាប់ពីទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានការបោះបង្គោល នៅលើផ្លូវសាធារណៈ ស្ថិតនៅភូមិស្វាយ សង្កាត់ស្នោរ លោកអភិបាលខណ្ឌ បានចាត់អោយក្រុមការងារសំណង់ ភូមិបាលខណ្ឌដឹកនាំដោយលោកគៀងលក្យ័ អភិបាលរងខណ្ឌ ចុះធ្វើការពិនិត្យ និងវាស់វែងកំណត់អក្យ័និងទំហំផ្លូវ បានពិនិត្យឃើញថាយោងតាមប្លង់ Lmap ផ្លូវនេះមានទទឹង៤ម៉ែត្រ ដោយសារកន្លងមកផ្លូវនេះបងប្អូនប្រជាពលរដ្ឋ ពិសេសរថយន្តដឹកដី និងដឹកទំនិញបានបើក វាងតាមផ្លូវនេះ ហើយតែងតែចាក់បំពេញជង្ហុក ជាបន្តបន្ទាប់ ជាហេតុធ្វើអោយ ទំហំទទឹងផ្លូវបត់ចូលនេះកាន់តែធំ ហើយដីនេះម្ចាស់មិនទាន់ប្រើប្រាស់នៅឡើយ តាមការពិនិត្យផ្ទៀងផ្ទាត់ជាមួយប្លង់កម្មសិទ្ធ ឃើញថា ការបោះបង្គោលព្រំ គឺបានអនុវត្តន៍បានត្រឹមត្រូវតាមប័ណ្ណកម្មសិទ្ធិស្របច្បាប់ របស់គាត់។
ប៉ុន្តែករណីនេះ ដោយពិនិត្យតាមស្ថានភាព នៃការប្រើប្រាស់ជាក់ស្តែង របស់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌកំបូល បាននឹងកំពុងបន្តចុះសម្របសម្រួលជាមួយម្ចាស់ដីទាំងសងខាង ដើម្បីចូលរួមបរិច្ចាគដីកម្មសិទ្ធរបស់គាត់ម្ខាង ៣ម៉ែត្រ ក្នុងគោលបំណង លើកកម្ពស់សោភ័ណភាព និងបង្ករលក្ខណៈឲ្យកាន់តែងាយស្រួលក្នុងការធ្វើចរាចរឆ្លងកាត់ផ្លូវនេះដែលធ្វើឲ្យផ្លូវនេះ មានទំហំរហូតដល់ ១០ម៉ែត្រ។
សូមជំរាបថារដ្ឋបាលខណ្ឌ សង្កាត់ និងភូមិ ពុំបានព្រងើយយកន្តើយ រឺខ្លាចអំណាចខាងណាឡើយ គឺកំពុងធ្វើការសម្របសម្រួល ប្រកបដោយការយកចិត្តទុកដាក់ និងតម្កល់ផលប្រយោជន៏រួមជាធំ។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលខណ្ឌកំបូល សូមអំពាវនាវដល់បណ្តាអ្នកសារព័ត៌មាន សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ដោយមិនត្រូវធ្វើសកម្មភាព ក្នុងន័យញុះញុង បំភ័ន្តមតិសាធារណៈជន ដែលនាំឲ្យមានការភ័ន្តច្រលំ មកលើការអនុវត្តសកម្មភាព របស់អាជ្ញាធរខណ្ឌ-សង្កាត់ ភូមិក្នុងការបម្រើប្រជាពលរដ្ឋ ព្រមទាំងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្មសិទ្ធិករស្របច្បាប់។
រដ្ឋបាលខណ្ឌកំបូល ស្វាគមន៍ជានិច្ច ដល់បងប្អូនអ្នកសារព័ត៌មាន ដែលរាយការណ៍ក្នុងន័យស្ថាបនា ធ្វើឲ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍន៍មូលដ្ឋានដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ៕