ភ្នំពេញ ៖ មន្រ្តីយោធាម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តហ្វតរ៉េនជ័មួយគ្រឿង ពាក់ស្លាកលេខខេមរៈភូមិន្ទ រេចង្កូតទៅបុករថយន្តពីរគ្រឿងបន្តបន្ទាប់គ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលនៅវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២៨គ្រួសារ កែងនឹងផ្លូវតាចេត ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេបានឃើញបុរសម្នាក់ បើករថយន្តហ្វតរ៉េនជ័រ ពណ៌ត្រេអ៊ី ចង្កូតស្តាំមួយគ្រឿង ពាក់ស្លាកលេខខេមរៈភូមិន្ទ 01-2-5981 បានបុកជាមួយនឹងរថយន្តហាយឡែនឌ័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-1559 នៅចំណុចខាងក្រោយវត្តសំរោងអណ្ដែត បណ្ដាលឲ្យរងការខូចខាតចំហៀងខាងមុខខាងឆ្វេងយ៉ាងដំណំម្តងរួចហើយ ក្រោយមកភាគីទាំងពីរ បានធ្វើការសម្របសម្រួលគ្នាដោយខាងរថយន្តពាក់ស្លាកលេខខេមរភូមិន្ទ ព្រមចេញសំណងចំនួន៣០០ដុល្លារ ទៅឲ្យខាងភាគីរថយន្តហាយលេនឌ័រ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។
បន្ទាប់មកបុរសខាងលើ ក៏បានបើកបន្តដំណើរទៅមុខទៀត ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកែងផ្លូវ២៨គ្រួសារ ក៏បានជ្រុលទៅបុកនឹងរថយន្តតាកូម៉ាពណ៌ស្ករមួយគ្រឿងទៀត ពាក់ស្លាកលេខ កំពង់ចាម 2A-4850 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៨គ្រួសារ ទិសដៅពីលិចទៅកើត ចំពីចំហៀងខាងមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងកើតហេតុ ដោយឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទ បានចេញសំណងទៅឲ្យរថយន្តតាកូម៉ាចំនួន១៥០ដុល្លារ ដើម្បីបញ្ចប់នៅកន្លែងកើតហេតុ។
ចំណែកម្ចាស់រថយន្តពាក់ស្លាកលេខខេមរៈ ត្រូវបានសម្ថកិច្ចឃាតមិនឲ្យបើកបន្តដំណើរទៅមុខទៀតនោះទេ ដោយខ្លាចមានបង្កគ្រោះថ្នាក់តាមផ្លូវបន្ថែមទៀត ទើបសម្ថកិច្ចឲ្យចតអែបខាងផ្លូវរង់ចាំឲ្យស្វាងស្រាសិន ហើយបានឲ្យបុរសខាងលើទាក់ទងទៅរកសាច់ញាតិ ដើម្បីមកយកត្ រឡប់ទៅផ្ទះវិញ៕