ភ្នំពេញ ៖ នៅវេលាម៉ោង ១៥ៈ០០ នាទីរសៀល ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឩត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និង លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងធ្វើកិច្ចសន្យា នៅតាមដេប៉ូស្តុក និង លក់ខ្សាច់ ក្នុងភូមិសាស្រ្តខណ្ឌមានជ័យ ។
ដែលមានសមាសភាពចូលរួម ៖
១. លោក ឡាយ ជ ប្រធានការិ-សាធារណៈការ ខណ្ឌមានជ័យ
២. លោក ឡេង ច័ន្ទភក្រ្តា ប្រធានសណ្តាប់ធ្នាប់ ខណ្ឌមានជ័យ ។
៣. លោក អ៊ូ សុផាន អនុប្រធាន សណ្តាប់ធ្នាប់ខណ្ឌមានជ័យ ។
៤.លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ។
៥. លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម ។
ក្នុងការចុះត្រួតពិនិត្យ និងធ្វើ កិច្ចសន្យានេះដែរ ឯកឩត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដេប៉ូខ្សាច់ ទាំងអស់ ក្នុងមូលដ្ឋានខណ្ឌមានជ័យ អោយអនុវត្តដូចខាងក្រោម ៖
១. មិនត្រូវដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦ៈ០០ នាទីព្រឹក រហូតដល់ ម៉ោង ១៩ៈ០០ នាទីយប់ ។
២. ត្រូវទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវអោយបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧ៈ០០ នាទីព្រឹកទៅត្រូវធានាអោយបានស្អាត ។
៣. ត្រូវទទួលខុសត្រូវស្តារលូតាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់របស់ខ្លួន រត់ឆ្លងកាត់អោយបានជាប្រចាំ ដោយធានាមិនអោយមានការកកស្ទះអាចម៌ដីនៅក្នុងប្រពន្ធលូឡើយ ។
៤. ត្រូវទទួលខុសត្រូវជួសជុលជាបន្ទាន់ពីការដឹកជញ្ជូនដែលបណ្តាលអោយខូចខាតផ្លូវ និងប្រព័ន្ធលូ។
៥. ត្រូវអនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានាដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ ។
បន្ទាប់ពីក្រុមការងារ បានធ្វើការណែនាំរួចមក ម្ចាស់ដេប៉ូខ្សាច់ ទាំងអស់ បានធ្វើកិច្ចសន្យា ចំពោះមុខក្រុមការងារ ដូចតទៅ ៖
១. មិនធ្វើការដឹកជញ្ជូនខ្សាច់ក្នុងចន្លោះម៉ោង ៦ៈ០០ នាទីព្រឹក រហូតដល់ ម៉ោង ១៩ៈ០០ នាទីយប់ ។
២. ទទួលខុសត្រូវក្នុងការបោសសម្អាតផ្លូវ លាងសម្អាតផ្លូវអោយបានស្អាតជារៀងរាល់ថ្ងៃ ជាពិសេសចាប់ពីម៉ោង ៧ៈ០០ នាទីព្រឹកតទៅ ធានាក្នុងការលាងអោយបានស្អាត ។
៣. ទទួលខុសត្រូវស្តារលូតាមតម្រាយផ្លូវដែលរថយន្តដឹកជញ្ជូនខ្សាច់ រត់ឆ្លងកាត់អោយបានជាប្រចាំ ដោយធានាមិនអោយមានការកកស្ទះអាចម៌ដីនៅក្នុងប្រពន្ធលូឡើយ ។
៤. ទទួលខុសត្រូវជួសជុលផ្លូវ និងប្រព័ន្ធលូ ជាបន្ទាន់ ដែលបណ្តាលអោយមានការខូចខាតដោយសារការដឹកជញ្ជូនខ្សាច់ ។
៥. អនុវត្តអោយបានត្រឹមត្រូវតាមលក្ខខណ្ឌនានា ដែលកំណត់ក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនរបស់រដ្ឋបាលរាជធានីភ្នំពេញ សមត្ថកិច្ច ក្រសួង និងស្ថាប័នពាក់ព័ន្ធ ៕