ខេត្ដស្វាយរៀង៖ នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១
លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានអញ្ជេីញអមដំណេីរឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ពិនិត្យការបេីកដំណេីរការរៀន និងបង្រៀនឡេីងវិញសម្រាប់សិស្សថ្នាក់ទី៩ និងទី១២ (ថ្នាក់ត្រៀមប្រឡង) នៅសាលាវិទ្យាល័យ ហ៊ុន សែន ចេក ស្ថិតនៅភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានប្រសាសន៍សាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពីស្ថានភាពរស់នៅ និងការសិក្សា តាមបែបបទថ្មីក្នុងអំឡុងពេល នៃការរាតត្បាតជំងឺកូវីដ-១៩ជាសកល ដែលនាំឱ្យសាលារៀនត្រូវបិទទ្វារ បង្កហានិភ័យបន្ទុចបង្អាក់ដល់ឱកាសទទួលបានការអភិវឌ្ឍរបស់កូនក្មួយសិស្សានុសិស្សទូទាំងប្រទេស។
ឯកឧត្តមបានបន្ថែមទៀតថា ដោយមេីលឃេីញពីការធ្លាក់ចុះ និងអាចគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩បាន រដ្ឋបាលខេត្តស្វាយរៀង អនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានពិនិត្យលទ្ធភាពបេីកដំណេីរការសាលាដែលស្ថិតក្នុងកម្រិតហានិភ័យទាបឡេីងវិញ។ តែក៏សូមការចូលរួមពីមាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ សូមណែនាំបន្ថែម ពីវិធានការការពារតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដល់កូនក្មួយសិស្សានុសិស្សត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្មួយៗត្រូវរក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស ឧស្សាហ៍លាងដៃជាមួយអាល់កុល ឬសាប៊ូឱ្យបានញឹកញាប់ បេីមានបញ្ហាសុខភាពត្រូវជម្រាបដល់លោកគ្រូ អ្នកគ្រូជាបន្ទាន់៕