ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្ត បានគិតខ្លីសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅក្នុងកសិដ្ឋានចិញ្ចឹមទាមួយកន្លែង បង្ក អោយមានការភ្ញាក់ផ្អើលក្រោយពីម្ចាស់កសិដ្ឋានបានប្រប្រទះឃើញ កាលពីល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចរោងចិញ្ចឹមទានៅខាងជើង ភូមិពោធិ៍ម្រះ ឃុំចកស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
បើតាម លោក ប៊ឹម សុផល ជាប្រជាពលរដ្ឋក្នុងភូមិ បាននិយាយឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានទិញស្រាបៀរកន្លះកេះ ហើយចូលទៅហៅ លោក និងបុរសម្នាក់ទៀតឈ្មោះប្រាក់ គឹមសូ មកផឹកជាមួយ នៅកន្លែងរោងចិញ្ចឹមទា ដោយពេលផឹកនិយាយគ្នាលេងជាធម្មតា គ្មានរឿងរ៉ាវអ្វីកើតឡើងទេ។ លុះផឹកបានប្រហែលកន្លះម៉ោង ស្រាក៏អស់ លោក និងឈ្មោះប្រាក់ គឹមសូ បានត្រឡប់ទៅផ្ទះរៀងខ្លួន។ បន្ទាប់មកមិនបាន ២០នាទីផង ស្រាប់តែឈ្មោះ សាន់ សេងធី ដែរជាម្ចាស់កសិដ្ឋានចិញ្ចឹមទា ប្រាប់ថា អាចេន ចងកស្លាប់បាត់ហើយ។
លោក សាន់ សេងធី ជាម្ចាស់កសិដ្ឋានចិញ្ចឹមទា បាននិយាយឱ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ ចេន ភេទប្រុស អាយុប្រមាណជាង២០ឆ្នាំ មានទីលំនៅភូមិអូរំចេក ឃុំចក ស្រុកបរិបូរណ៍ បានមកធ្វើជាកម្មករក្នុងរោងចិញ្ចឹមទារបស់លោកជិតមួយខែហើយ។ មុនពេលកើតហេតុជនរងគ្រោះ បានខលសុំស្រាបៀរកន្លះកេះ ហើយលោកបានឱ្យទៅយកពីអ្នកលក់ ក្រោយពីនោះបានប្រហែលជាង ១ម៉ោង ជនរងគ្រោះបានខលទៅលោកម្ដងទៀត ថាបើ បងមករោងទាទិញសាំងផង ពីព្រោះម៉ាស៊ីនបូមទឹកអោយទាអស់សាំងហើយ។
លោក សាន់ សេងធី បន្តថា ក្រោយពីជនរងគ្រោះខលប្រាប់ អស់សាំងបូមទឹកអោយទា លោកក៏រុះរាន់ទៅទិញសាំង ព្រោះសត្វទាអត់ទឹកយូពុំបានទេ មិនបានកន្លះម៉ោងផង លោកក៏ទៅដល់រោងទាលោកមិនឃើញជនរងគ្រោះសោះ ក៏ដើចូលទៅក្នុងរោងទា ស្រាប់តែឃើញជនរងគ្រោះបានចងក ស្លាប់បាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលដល់សត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។
បើតាមប្រភពពីប្អូនស្រីជនរងគ្រោះ ក៏បានប្រាប់អោយដឹងដែរថា មុនពេលកើតហេតុជនរងគ្រោះបានខលមកគេ រួចនិយាយថា បើប្អូនស្រីស្រលាញ់បង សូមប្អូនមកកន្លែងរោងទាមួយភ្លេត ពេលនោះខ្ញុំឆ្លើយថា ខ្ញុំរវល់ណាស់មិនបានទៅទេ។ មិនបាន២០នាទីផង ស្រាប់តែទទួលដំណឹងថា គាត់ចងករស្លាប់បាត់ហើយ។
ជុំវិញករណីនេះសមត្ថកិច្ចឲ្យដឹងថា ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះខាងលើ សមត្ថកិច្ចសន្និដ្ឋានថា ជណរងគ្រោះពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ពុំមែនជាអំពើឃាតកម្មឡើយ ខណៈមុនធ្វើអត្តឃាតជនរងគ្រោះបានសរសេរលិខិតថា ’’ម៉ែកូនលាហើយ សូមតាំងអារម្មណ៍ កូនប្រុសម្នាក់នេះ សូមទៅហើយ”។
សមត្ថកិច្ចបានបញ្ចាក់ថា ជនរងគ្រោះសង្ស័យអាចមានវិបត្តិផ្លូវចិត្ត ខណៈជនរងគ្រោះធ្លាប់មានប្រពន្ធ ដោយប្រពន្ធទីមួយ រស់នៅមិនចុះសម្រុងនឹងគ្នា ត្រូវបានប្រពន្ធរត់ចោល មិនយូរប៉ុន្មានក៏បានប្រពន្ធម្នាក់ទៀតនៅក្នុងភូមិជាមួយគ្នា ក៏ត្រូវបានប្រពន្ធទី២ រត់ចោលទៀត ទើបធ្វើឲ្យជនរងគ្រោះតូចចិត្ត គិតខ្លីសម្រេចចិត្តប្រល័យជីវិតខ្លួនឯងដូច្នេះ។
ក្រោយការពិនិត្យទៅលើសាកសពរួចសមត្ថកិច្ច ក៏បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕