ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកឧកញ៉ា ឃុន សៀ ឧបត្ថម្ភអង្ករចំនួន២៥តោន មី១០០កេស ត្រីខកំប៉ុង១០០យួរដល់រដ្ឋបាលខេត្តកណ្ដាលតាមរយៈ ឯកឧត្តម ម៉ៅ សុផល ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ ឧបទ្វវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ។
ឯកឧត្តមអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ បានប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះ អ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវព្រះពុទ្ធពរទាំង៤ ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕