ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញផ្តល់អំណោយជាថវិកា និងសម្ភារ ជូនកងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត យោធាខេត្ត និងកងរាជអាវុធហត្ថខេត្ត ដើម្បីទ្រទ្រង់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងទាំង៣ប្រភេទ ដែលកន្លងមកតែងតែខិតខំថែរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែទាំសុខភាពរបស់ខ្លួន និងក្រុមគ្រួសារ ជាពិសេសត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នូវវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ទាំងពេលបំពេញការងារ និងពេលសម្រាកលំហែ ផងដែរ ។
គួរបញ្ជាក់ថា អំណោយដែលឯកឧត្តមអភិបាលខេត្ត ផ្តល់ជូនកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តកំពង់ចាម រួមមាន ស្នងការដ្ឋាននគរបាលខេត្ត ទទួលបានថវិកាចំនួន ១០លានរៀល ម៉ាស ២ម៉ឺនសន្លឹក និងទឹកអាល់កុល ១៥០លីត្រ យោធាខេត្ត ទទួលបានថវិកា ១០លានរៀល ម៉ាស ២ម៉ឺនសន្លឹក និងទឹកអាល់កុល១៥០លីត្រ និងកងរាជអាវុធហត្ថខេត្ត ទទួលបានថវិកា ចំនួន១០លានរៀល ម៉ាស ១ម៉ឺនសន្លឹក និងទឹកអាល់កុល ចំនួន១៥០លីត្រ ផងដែរ ៕