ខេត្ដកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុនស៊ីភី ដែលបានចូលរួមឧបត្ថម្ភ ម៉ាសចំនួន១៥០០០សន្លឹក និងទឹកអាល់កុល ៣០០លីត្រ សម្រាប់ប្រេីប្រាស់ក្នុងយុទ្ធនាការ បង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញទៅដោយសទ្ធាជ្រះថ្លារបស់លោកអគ្គនាយកក្រុមហ៊ុន និងសហការី ដែលបានចំណាយថវិកា ទិញសម្ភារការពារជំងឺកូវីដ-១៩ ក៏ដូចជាការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពីគុណធម៌ សប្បុរសធម៌ និងការចេះជួយគ្នាក្នុងគ្រាលំបាកទៀតផង ។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា អំណោយមនុស្សធម៌របស់លោកអគ្គនាយកក្រុមហ៊ុនq នាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលជំងឺដ៏កាចសាហាវនេះកំពុងតែគម្រាមកំហែងដល់អាយុជីវិតមនុស្ស និងសេដ្ឋកិច្ចប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ខណៈសាលារៀនមួយចំនួនក្នុងខេត្តកំពង់ចាម ត្រូវបានបេីកឲ្យដំណេីរការឡេីងវិញ ផងដែរ ៕