ខេត្ដកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ដែលរងការបាក់ស្រុត បណ្តាលឲ្យប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិល្វាលេី ឃុំស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដាក់ផែនការឲ្យមន្ទីរធនធានទឹកនិងឧតុនិយម រួមនឹងអាជ្ញាធរមូលដ្ឋាន ត្រូវប្រមូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយផងដែរ ដេីម្បីឈានទៅដល់ បង្កើតផែនការដោះស្រាយបញ្ហាចំពោះមុខ ព្រោះក្នុង១ឆ្នាំៗ មានប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលត្រូវប្រឈម និងរងគ្រោះដោយការបាក់ច្រាំង ជាបន្តបន្ទាប់ ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តល់ប្រេងម៉ាស៊ូត ចំនួន ៣០០លីត្រ ជូនដល់គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដេីម្បីធ្វេីការបូមរំដោះទឹកចេញពីក្នុងភូមិឋាន របស់ពលរដ្ឋ ដែលជាជំនាន់ទឹកភ្លៀងដក់នៅទីនោះផងដែរ ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាស បានឲ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋ ១០គ្រួសារ កំពុងរងផលប៉ះពាល់ ដោយគ្រោះធម្មជាតិបាក់ស្រុតច្រាំងទន្លេនេះ មានប្រជាពលរដ្ឋ ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើជាបន្ទាន់ ។
លោកអភិបាលស្រុក បានបញ្ជាក់ដែរថា គ្រោះធម្មជាតិបាក់ស្រុតច្រាំង នៅចំណុចខាងលើនេះ បណ្តាលឲ្យដាច់ផ្លូវប្រវែង ១៥ម៉ែត្រ ។
ដោយឡែក ច្រាំងទន្លេដែលបានបាក់ស្រុតនោះមានទំហំ ទទឹង ១០ម៉ែត្រ បណ្តោយ ១០០ម៉ែត្រ មិនបណ្តាលឲ្យខូចខាត ផ្ទះសំបែងប្រជាពលរដ្ឋនោះទេ តែផ្ទះប្រជាពលរដ្ឋ ចំនួន ៥គ្រួសារ កំពុងរងផលប៉ះពាល់ ក្នុងនោះ ៤គ្រួសារ ប្រឈមតិចតួច និង ១គ្រួសារ ប្រឈមខ្លាំងដែលត្រូវរុះរើ ជាបន្ទាន់ ។
លោកក៏បានអះអាងថា ផ្អែកតាមការចុះពិនិត្យជាក់ស្ដែង មូលហេតុដែលបណ្ដាលឲ្យបាក់ស្រុតនោះ គឺដោយសារមានផ្លូវទឹក នៅខាងក្រោមដីនោះ ៕