ខេត្ដស្វាយរៀង៖ បុរសប្តីចិត្តអប្រិយ ដែលកាប់ប្រហារប្រពន្ធ ២ដាវបណ្ដាលឲ្យរងរបួសធ្ងន់ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ត្រូវបានសមត្ថកិច្ចរកឃើញហើយគឺស្លាប់ដោយសារលោតទឹក បន្ទាប់ពីធ្វើសកម្មភាពកាប់ទៅលើប្រពន្ធរួច។ ករណីប្រទះឃើញសាកសពបុរសជាប្ដីដែលកាប់ប្រហារប្រពន្ធនេះ បានកើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្ពានព្រែកតាសួស ភូមិអង្គាសដី ឃុំតាសួស ស្រុកស្វាយជ្រំ។
លោក ពិន អាន អធិការនគរបាលស្រុកស្វាយជ្រំ បានឲ្យដឹងថា កាលពីវេលាម៉ោង៨និង៥៧នាទីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង មានស្ត្រីម្នាក់បានរងរបួសធ្ងន់ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង បន្ទាប់ពីត្រូវជនសង្ស័យជាប្ដីបានប្រើហឹង្សាយកដាវកាប់ចំនួន២កាំបិត ដោយមូលហេតុស្រវឹងស្រាមានជម្លោះពាក្យសំដី។
លោកបានឲ្យដឹងថា ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ ប្រែង ប៊ុនណារី អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិអង្គាស់ដី ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកជនសង្ស័យមានឈ្មោះ ម៉ៅ ភារុន អាយុ៣៧ ឆ្នាំមុខរបរ កសិករមានទីលំនៅ ភូមិឃុំកើត ខាងលើបន្ទាប់ពីធ្វើសកម្មភាពរួចបានយកវត្ថុតាងដាវបានរត់ទៅខាងក្រោយផ្ទះផ្លោះរបង លោតចូលក្នុងស្ពានព្រែកតាសួស ខណៈដែលទឹកកំពង់ហូរខ្លាំងហើយក៏បាត់ខ្លួនតែម្តង។
លោកអធិការបន្តថានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចបានតាមរុករកជនសង្ស័យនិងទំនាក់ទំនងសាច់ញាតិបងប្អូនដើម្បីសាកសួរព័ត៌មានដែរ តែរកមិនឃើញ សមត្ថកិច្ចនិងប្រជាពលរដ្ឋបានចុះរាវរកជនសង្ស័យនៅក្នុងទឹកព្រែកស្ពានតាសួស រហូតរកឃើញនៅវេលាម៉ោង១០ ព្រឹកថ្ងៃដដែលនេះ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យដែលកាប់ប្រពន្ធនេះធ្លាប់ធ្វើសកម្មភាពវាយតប់ប្រពន្ធជាច្រើនលើកច្រើនសារមកហើយ តែលើកនេះឈានដល់ប្រើអំពើហិង្សាកាប់ប្រហារធ្វើឲ្យប្រពន្ធរបស់ខ្លួនរងរបួសយ៉ាងដំណំត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។
លោក ពិន អាន បានបន្តថា ក្រោយពីរកឃើញសាកសពជនសង្ស័យដែលកាប់ប្រហារប្រពន្ធរួចហើយសមត្ថកិច្ចយើងបានបង្កើតគណៈកម្មការមួយដែលមានការចូលរួមពីសមត្ថកិច្ចជំនាញនិងគ្រូពេទ្យ ដើម្បីធ្វើកោសល្យវិច័យផងដែរ ក្នុងនោះសមត្ថកិច្ចសន្និដ្ឋានថាជនសង្ស័យពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនសង្ស័យជាប្ដី បានចេញពីវង់ផឹកស៊ីដោយអាការៈស្រវឹងស្រានិងបានត្រលប់មកដល់ផ្ទះរករឿងប្រពន្ធបង្កជាឈ្លោះប្រកែកទាស់ពាក្យសំដីគ្នា។ ក្រោយមកស្រាប់តែឃើញប្តីបានទាញយកដាវកាប់ប្រពន្ធត្រូវចំនួន២ដាវ ត្រូវចំគុម្ពត្រចៀកស្តាំ១ដាវ និងចំករដៃខាងឆ្វេង១ដាវបណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលតែម្ដង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង រីឯសាកសពជនសង្ស័យត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតែខាងសាច់ញាតិឪពុកម្ដាយមិនទទួលយក ដូច្នេះសមត្ថកិច្ចនិងអាជ្ញាធរបានសម្រេចធ្វើការបញ្ចុះសពនៅវត្តតាសួស ស្រុកស្វាយជ្រំតែម្ដង៕