ខេត្ដបន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំប្រឹងប្រែងស្ថាបនា កសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ដូចជា ស្ពាន ផ្លូវ ថ្នល់ ខ្វាត់ខ្វែងដែលជាសសៃឈាមសេដ្ឋកិច្ចក្នុងការដឹកជញ្ជួនទំនិញ,ដំណាំកសិផលនានារបស់បងប្អូនប្រជាពលរដ្ឋតែផ្លូវក្រាល កៅស៑ូមួយខ្សែនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតកំពុងរងការខូចខាតយ៉ាងខ្លាំង។
ជាក់ស្ដែងផ្លូវក្រាលកៅស៑ូមួយខ្សែស្ថិតនៅផ្លូវមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្នុង ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កំពុងក្លាយទៅជាផ្លូវក្រាលកៅស៑ូបែកភក់ទឹកដក់ ក្រហេងក្រហូង ពិបាកធ្វើដំណើរ ប៉ុន្តែពុំទាន់ឃើញមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ចុះមកជួសជុលឡើងវិញនៅឡើយទេ។
ប្រជាពលរដ្ឋរស់នៅសង្កាត់ប៉ោយបែត បានឲ្យដឹងថា កន្លងមកផ្លូវក្រាលកៅស៑ូមួយខ្សែនេះមានស្ថានភាពល្អស្អាតធម្មតា មិនមានស្ថានភាពដូចសព្វថ្ងៃនេះទេ ទើបតែមួយរយៈពេលចុងក្រោយនេះ ផ្លូវមួយខ្សែនេះបានប្រែក្លាយទៅជាផ្លូវបែកភក់ ដក់ទឹក ក្រហេងក្រហូង ពិបាកក្នុងការធ្វើដំណើរ រងការខូចខាតជាច្រើនខែមកហើយ ប៉ុន្តែពុំទាន់ឃើញមន្ត្រីជំនាញពាក់ព័ន្ធណាម្នាក់ ចុះមកពិនិត្យនិងធ្វើការជួសជុលឡើងវិញនោះទេ។
ដោយជួបបញ្ហាបែបនេះពលរដ្ឋសុំសំណូមពរដល់អាជ្ញាធរក្រុងនិងជំនាញខេត្ដបន្ទាយមានជ័យមេត្ដាត្រូតពិនិត្យទៅលើផ្លូវមួយខ្សែនេះផងដោយសព្វថ្ងៃនេះកំពុងរងការខួចខាតយ៉ាងខ្លាំង ម្យ៉ាងវិញទៀតផ្លូវមួយខ្សែនេះមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការដឹកជញ្ជូនកសិផលផ្សេងៗចេញ ចូលផងដែរ៕