ខេត្តតាកែវ ៖ មានករណីជិះម៉ូតូធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ប្រដាប់ដោយដាវ និងដំបងរលាស់(ដែក) ជិះម៉ូតូ០២គ្រឿង ដេញកាប់ប្លន់ម៉ូតូ ០១គ្រឿងម៉ាកហុងដា C125 សេរី២០១៤ ឡើងតែម២០២១ របស់ជនរងគ្រោះឈ្មោះ ង៉ែត សារ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិរមេញ ឃុំរមេញ ស្រុកកោះអណ្តែត កាលពីវេលាម៉ោង ១នឹង០០នាទី ឈានចូលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញអធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដើម្បីវែកមុខរកជនបង្កឱ្យឃើញយកមកផ្តន្ទាទោសឱ្យខានតែបាន ដោយប្រើប្រាស់គ្រប់វិធានការ និងសម្ភារៈ ពួនស្ទាក់គ្រប់ច្រកល្ហក រហូតដល់វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃ ខែឆ្នាំដដែល កម្លាំងជំនាញកំណត់មុខសញ្ញារហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យបានចំនួន ០៣នាក់ ។
នៅចំណុចផ្ទះសំណាក់យីហោ (មាន មាន) ស្ថិតក្នុងភូមិរុន ឃុំចំបក់ ស្រុកបាទី ជនស ង្ស័យរួមមាន ទី១ ឈ្មោះ សិលា រ៉ាវុធ ហៅវិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិតានប់ ឃុំចំបក់ ស្រុកបាទី ទី២ឈ្មោះ ផន បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី និងទី៣ឈ្មោះ ឆាន ប៊ុនណា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរវៀង ឃុំរវៀង ស្រុកសំរោង។ ចំណែកជនសង្ស័យ០១នាក់ទៀតមានឈ្មោះ សេង សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្រមោចហែ ឃុំចំបក់ ស្រុកបាទី (បានជិះម៉ូតូជនរងគ្រោះរត់គេចខ្លួនបាត់)។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង០៣នាក់ បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូពីជនរងគ្រោះនៅចំណុចខាងលើប្រាកដមែន ព្រមទាំងដកហូតបានវត្ថុតាងរួមមានម៉ូតូ ជិះធ្វើសកម្មភាពចំនួន ០២គ្រឿង ដាវចំនួន ០២ដើម និងដំបងរលាស់(ដែក) ០១ដើម។
បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវរកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕