តំណាងប្រព័ន្ធផ្សព្វផ្សាយមកពីប្រទេសចំនួន៣ រួមមានកម្ពុជា មីយ៉ាន់ម៉ា ថៃ និងវៀតណាម ព្រមទាំង ឡាវ និងចិន បានអញ្ជើញទៅធ្វើទស្សនកិច្ច គម្រោង ផ្កាយរណបរបស់ប្រទេសឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃពុធ ទី៤ ខែកក្កដា ឆ្នាំ ២០១៨ កន្លងទៅ បន្ទាប់ពីកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយមេគង្គ-ឡានឆាង ដែលបានប្រារព្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ចំនួន២ថ្ងៃរួចមក។ នេះជាការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
ប្រភពដដែលបានឲ្យដឹងកាលពីថ្ងៃទី ៦កក្កដាថា គម្រោងផ្កាយរណបនេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ជោគជ័យមួយរវាងប្រទេសចិន និងប្រទេសឡាវក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ដែលជាប្រតិបត្តិការនៃការបណ្ដាក់ទុនរួមគ្នារវាងក្រុមហ៊ុន China Aerospace និងក្រុមហ៊ុន Lao Asia Pacific Satellite Co., Ltd (LAOSAT)។
តាមរយៈគម្រោងនេះ រដ្ឋាភិបាលឡាវបានធ្វើប្រតិបត្តិការពាណិជ្ជកម្មនៅក្នុងប្រទេសឡាវ និងប្រទេសដទៃទៀតនៅតំបន់អាស៊ាន ដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ចឡាវ បង្កើនជីវភាពរស់នៅរបស់ប្រជាជន និងកិច្ចអភិវឌ្ឍន៍ឧស្សាហកម្ម នៅក្នុងតំបន់មេគង្គ-ឡានឆាង។