ខេត្តព្រៃវែង៖ ពិតជាខ្លាំងមែន ម្ចាស់(កាស៊ីណូ)មានស្លាកយីហោ(ម៉ូណាកូ)មួយកន្លែងដែលគេសង្ស័យថាអត់មានច្បាប់
កំពុងបើកដំណើរការឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងសកម្មដែលមានមេការឈ្មោះ តី ជាអ្នកគ្រប់គ្រង មានទីតាំងស្ថិតនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ពុំឃើញ អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធ ចុះបង្ក្រាបតាមគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពឡើយ។
ក្រុមអ្នកញានល្បែង នាំគ្នាសំរុកទៅលេងក្នុងកាស៊ីណូ ម៉ូណាកូ
ដោយពុំមានសមត្ថកិច្ចណាហាមឃាត់ លើ ពលរដ្ឋខ្មែរឡើយ
បើទោះបីជាជម្ងឺកូវីដ១៩ កាចសាហាវយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ក្រុមអ្នកញានល្បែងនៅក្នុងខេត្តព្រៃវែង ពួកគេមិនខ្លាចឆ្លងកូវីដសោះឡើយ ដោយ
បាននាំគ្នាទៅប្រមូលផ្តុំលេងល្បែងជល់មាន់ អាប៉ោង បៀរ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ នៅក្នុងកាស៊ីណូមួយកន្លែងឈ្មោះ ម៉ូណាកូ ស្ថិតនៅជាប់មាត់ច្រកទ្វាព្រំដែនអន្តរជាតិបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពពត៌មានពីមន្រ្តីនៅមាត់ច្រកបន្ទាយចក្រីនេះ បានអោយដឹងថា ក្នុងពេលដែលរដ្ឋាភិបាលប្រកាសបិទក្លឹបកំសាន្ត និងរមណីយដ្ឋាននានា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩នោះ កាស៊ីណូ ម៉ូណាកូ ក៏ត្រូវបានបិទទ្វាដែរ ប៉ុន្តែសុខៗនៅពេលថ្មីៗនេះ ស្រាប់តែកាស៊ីណូមួយនេះបើកដំណើរការឡើងវិញ ដោយមានប្រជាពលរដ្ឋខ្មែរ នាំគ្នាចូលទៅលេងយ៉ាងគគ្រឹកគគ្រេង និងជារៀងរាល់ថ្ងៃ ដោយគ្មានការ
រំខានដល់មន្រ្តីជំនាញណាឡើយ។
ក្រុមអ្នកញៀនល្បែងដែលបានចូលទៅលេងក្នុងកាស៊ីណូ ម៉ូណាកូ នេះបានបង្ហើបប្រាប់ថា ម្ចាស់កាស៊ីណូនេះ មិនមែនជាអ្នកបើកដំណើរការលេងផ្ទាល់នោះទេ គឺមានមនុស្សមួយក្រុម បានចូលហ៊ុនគ្នាជួលទីតាំងកាស៊ីណូនេះបើកលេង ។
ចំពោះការបើកអោយប្រជាជនខ្មែរ ចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង ក្នុងកាស៊ីណូ
ម៉ូណាកូ នេះ ត្រូវបានមេការកាស៊ីណូម៉ូណាកូ ឈ្មោះ តី ប្រាប់អោយដឹងថាក្រោយពីលឺសម្តេចតេជោ ប្រកាសអោយបើកដំណើរការលើគ្រប់វិស័យនោះ គេក៏បានស្នើសុំការអនុញ្ញាតិពីឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ដើម្បីបើកដំណើរការកាស៊ីណូឡើងវិញ ហើយឯកឩត្ដម ជា សុមេធី ក៏បានឯកភាព ឯលោក ព្រុំ សន្ធរ ស្នងការខេត្តក៏បានអនុញ្ញាតិអោយបើក ទើបខាងកាស៊ីណូ ហ៊ានបើកដំណើរការរហូតដល់ពេលនេះ។
ទោះជាយ៉ាងណាក៏ដោយ មន្រ្តីមួយចំនួនបានបញ្ជាក់ប្រាប់ថា បើតាមច្បាប់ពាក់ពន្ធ័និង
កាស៊ីណូ នៅក្នុងប្រទេសកម្ពុជា គឺគេមិនអនុញ្ញាតិអោយប្រជាពលរដ្ឋខ្មែរចូលលេងល្បែង ក្នុងកាស៊ីណូនោះទេ ម្យ៉ាងនៅក្នុងវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ ក៏បានហាមមិនអោយមានការប្រមូលផ្តុំគ្នាច្រើនដែរ ។
ដូច្នេះសកម្មភាពបើកលេងល្បែងក្នុងកាស៊ីណូម៉ូណាកូនេះ គឺបានបំពានទាំងច្បាប់ប្រទេស និងបំពានទាំងវិធានការណែនាំរបស់រាជរដ្ឋាភិបាលផងដែរ ប៉ុន្តែមិនដឹងយ៉ាងម៉េច ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ចក្នុងខេត្តព្រៃវែង បែរជានាំគ្នាសំងំស្ងាត់ឈឹងទៅវិញ។
ជុំវិញរឿងរ៉ាវខាងលើនេះ អង្គភាពសារព័ត៌មានយើង បានព្យាយាមខលទៅឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង ដើម្បីសុំការបំភ្លឺផងដែរ ប៉ុន្តែទូរសព្ទលោកខលចូលគ្មានអ្នកទទួល ចំណែកលោក ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងក៏ដូចគ្នាដែរ គឺទូរសព្ទ័ខលចូលហើយគ្មានអ្នកទទួល។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌ យើងនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ ៕ដោយ៖លោកប៉ែន ឡា