ខេត្តកំពត៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថាទម្រាំពង្រឹង និងផ្លាស់ប្តូរផ្នត់គំនិតទ័ពបានមកដល់បច្ចុប្បន្ននេះ យោធិនរៀមច្បងបានលះបង់ និងបង្ហូរឈាមស្រស់សាច់ស្រស់ច្រើនណាស់។ដូច្នេះទ័ពជំនាន់ក្រោយត្រូវរក្សាការពារតម្លៃនៃការលះបង់របស់យោធិនរៀមច្បង ពិសេសការពារសន្តិភាព និងរួមគ្នាប្រែក្លាយអង្គភាពទ័ពឲ្យទៅជាមជ្ឍមណ្ឌលផលិតធនធានមនុស្សដ៏មានសមត្ថភាព និងប្រសិទ្ធភាពខ្ពស់។
ថ្លែងនៅក្នុងពិធីប្រកាសបង្កើតផ្នែកសិករងក្រុងបូកគោ តែងតាំងផ្លាស់ប្តូរមុខដំណែង បំពាក់ឋានរស័ក្តិ និងបញ្ចូលក្របខ័ណ្ឌពលទាហ៊ាន នៅតំបន់ប្រតិបត្តិការសិករងខេត្តកំពត នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា កងទ័ពត្រូវរក្សា ស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគោរពឲ្យបានម៉ឺនម៉ាត់នូវរដ្ឋធមនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ល័ក្ខន្តិកទូទៅ បទវិន័យទូទៅនៃកងយុទ្ធពលខេមរភូមិន្ទ លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផ្សេងៗ និងរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក។
ឯកឧត្តម បានបញ្ជាក់ផងដែរថា កងទ័ពត្រូវយកចិត្តទុកដាក់ជាប់ជាប្រចាំលើការអប់រំចិត្តសាស្ត្រ និងស្វែងយល់អំពីសភាពការថ្មីៗ ដើម្បីលើកកម្ពស់មនសិកាស្នេហាជាតិ សំដៅធានាប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ចថ្មីរបស់កងទ័ព ដែលជាខឿនការពារជាតិ ការពារឯករាជ អធិបតេយ្យភាព និងបរណភាពទឹកដី ពិសេសសន្តិភាព ដែលសម្តេចតេជោហ៊ុន សែន បានលះបង់គ្រប់បែបយ៉ាងដើម្បីយកមកជូនជាតិមាតុភូមិ ហើយក្នុងប្រត្តិសាស្ត្ររបស់កម្ពុជា៥០០ឆ្នាំមុនមិនធ្លាប់មានសុខសន្តិភាពពេលផ្ទៃប្រទេសដូច្នេះទេ។
ឯកឧត្តមហ៊ុន ម៉ាណែតបានស្នើដល់កងទ័ពជំនាន់ក្រោយត្រូវធ្វើយ៉ាងណា ថែរក្សការពារ និងពង្រឹងគុណតម្លៃនៃការលះបង់របស់យោធិនរៀមច្បងយើងឲ្យបាន ពិសេសអរគុណសន្តិភាព ស្រឡាញ់សន្តិភាព គាំទ្រ និងរក្សាការពារសន្តិភាពឲ្យស្ថិតស្ថេរគង់វង្ស ដើម្បីបន្តដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយើងទៅមុខទៀត។ ពិសេសកងទ័ពត្រូវខិតខំបង្កើតចំណេះ ជំនាញ គុណធម៌ គោរពវិន័យ គោរពស្រឡាញ់ និងបម្រើប្រជាពលរដ្ឋ និងមហាជនទូទៅដោយស្មោះស្រ័គ្រ ពោលគឺប្រែក្លាយអង្គភាពទ័ពឲ្យទៅជាមជ្ឍមណ្ឌលផលិតធនធានមនុស្សដែលមានសមត្ថភាព និងមានប្រសិទ្ធភាពខ្ពស់៕