ខេត្ដស្វាយរៀង៖ឯកឧត្ដមហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នេះ បានអញ្ជើញចុះជួបជាមួយ ប្រជាពលរដ្ឋ ដើម្បីដោះស្រាយផលប៉ះពាល់ ការពង្រីកផ្លូវ នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
នៅក្នុងឱកាសនោះឯកឧត្ដមអភិបាលរងខេត្ត បានជម្រាបជូន ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ អំពីការអភិវឌ្ឍ នៅតាមទីប្រជុំជន តែងតែមានការប៉ះពាល់ ដោយជៀសមិនផុតនោះទេ ដូច្នេះហើយ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការយោគយល់ ចំពោះអាជ្ញាធរ ដោយហេតុថា នាពេលបច្ចុប្បន្ននេះ ប្រទេសជាតិ មានសុខសន្តិភាព ពេញលេញ ហេតុដូច្នេះហើយ ដើម្បីឲ្យទីប្រជុំជន មានសោភ័ណភាព ស្រស់បំព្រង រាល់ ហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែមានការកែលម្អ ដោយមិនអាចខ្វះបាននោះដែរ។
ឯកឧត្ដម ហែម ពិសិដ្ឋ បានមានប្រសាសន៍ ដោយសង្កត់ធ្ងន់ថាៈ រាល់ការសាងសង់ សំណង់រឹង ត្រូវតែសុំច្បាប់អនុញ្ញាត ឲ្យបានត្រឹមត្រូវ ហើយចំពោះ សំណង់ធម្មតា ក៏ត្រូវតែមានកិច្ចសន្យា ជាលាយលក្ខណ៍អក្សរ ដើម្បីងាយស្រួល ទៅថ្ងៃខាងមុខ ប្រសិនបើរដ្ឋត្រូវការ រុះរើសំណង់ទាំងនោះ ជៀសវាង ការខូចខាត ជាយថាហេតុ នាំឲ្យ បងប្អូនប្រជាពលរដ្ឋយើង ខាតបង់នូវថវិកា ខាតទាំងពេលវេលា និងខូចទាំងសំណង់ ទាំងនោះថែមទៀតផង។
ឯកឧត្ដមអភិបាលរងខេត្ត ក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះ ថែរក្សាសុខភាព ឲ្យបានល្អ ដើម្បីកុំឲ្យមានជំងឺដង្កាត់ផ្សេងៗ ជាពិសេស គឺជំងឺកូវីដ ១៩ នេះតែម្តង ដោយត្រូវចូលរួម អនុវត្ត វិធានការសុខាភិបាល ឲ្យបានត្រឹមត្រូវ គឺបីការពារបីកុំ និងពីរចូលរួម។
សូមបញ្ជាក់ផងដែរថាៈ នាពេលឆាប់ៗ ខាងមុខនេះ ភូមិចុងព្រែក សង្កាត់ស្វាយរៀង រដ្ឋបាលខេត្ត នឹងធ្វើការស្ថាបនា ផ្លូវក្រាលបេតុង អាមេ មួយខ្សែ មានប្រវែង ជាង ៨០០ ម៉ែត្រ ដោយផ្លូវមួយខ្សែនោះ គិតទាំងតួផ្លូវ និងចំណីផ្លូវ មានទទឹង សរុប ២០ ម៉ែត្រ សម្រាប់ជាចំណងដៃថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា អ្នកប្រើប្រាស់ផ្លូវ ក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង៕