ខេត្ដកំពង់ចាម៖ ក្នុងពិធីប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងប្រាប់ប្អូនៗសិស្សានុសិស្សថា បេីយើងខ្លាំងយើងរឹងមាំហេីយនោះ គ្មានបរទេសណាគេអាចដណ្តើមការងារពីយេីងបានទេ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងខ្មែរ និងបរទេសផង ដេីម្បីតម្រូវតាមទីផ្សារការងារបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅពេលបញ្ចប់ការសិក្សាហើយនោះ ត្រូវសម្លឹងមើលទៅមុខឲ្យបានវែងឆ្ងាយផងដែរ ។
ក្នុងពិធីនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការរៀបចំប្រលងជ្រើសរើសពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត ក្រៅពីការលើកកិត្តិយស និងសមត្ថភាពបុគ្គល គឺវាបានចូលរួមចំណែកបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនីមួយៗ ដែលនៅជាប់ដងទន្លេមេគង្គ ។ ក្រៅពីនោះ វាបានចូលរួមចែករំលែកនូវបទពិសោធន៍ ដល់បញ្ញាវ័ន្ត ក៏ដូចជា អ្នកនិពន្ធ ទាំងឡាយ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ ផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តថា ការដែលឈានទៅដណ្ដើមបាននូវពានរង្វាន់អក្សរសិល្ប៍ ទន្លេមេគង្គកម្រិតអន្តរជាតិ នាពេលនេះ គឺកិច្ចការលំបាកបំផុត ពីព្រោះថា វាពុំមែនជាការប្រលងកម្រិតផ្ទៃក្នុង នៃប្រទេសយើង ប៉ុណ្ណោះទេ តែវាជាការប្រលងជ្រើសរើសសមត្ថភាព ពិតប្រាកដ ដោយមានការចូលរួមពី បញ្ញាវ័ន្ត កវីនិពន្ធ នៅតាមបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ ចំនួន ៦ រួមមាន ៖ប្រទេសចិន ភូមា ថៃ ឡាវ ប្រទេសកម្ពុជា និងវៀតណាម ។ យ៉ាងណាមិញ ខេត្តកំពង់ចាម ក៏ជាខេត្តសាមី ក្នុងចំណោមអ្នកទទួលបានជ័យលាភី ទាំង២រូប របស់ប្រទេសកម្ពុជាទៀតផង ។ ទាំងអស់នេះ គឺផ្ដើមចេញពីការខិតខំប្រឹងប្រែង ពីបុគ្គលផ្ទាល់ខ្លួន ជាពិសេស អ្នកដឹកដៃ ឬអ្នកបង្ហាត់បង្ហាញ ធ្វើឲ្យយើងមានមូលដ្ឋានច្បាស់លាស់ ក្នុងការសរសេរបានល្អ ពីព្រោះថា ការដែលពូកែខាងផ្នែកអក្សរសិល្ប៍ វាក៏ជាមូលដ្ឋាន នៃការសរសេរប្រវត្តិសាស្ត្របានយ៉ាងល្អ ផងដែរ ។
គួរបញ្ជាក់ថា ការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០ គឺបានជ្រើសរើសយកប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ។ ក្នុងចំណោមបេក្ខជន ប្រគួតប្រជែងជាច្រើនរូប នៃបណ្ដាប្រទេសទាំង ៦ កម្ពុជាយើង ក៏មានបេក្ខនារី ចំនួន ២រូប ទទួលបានជ័យលាភី ផងដែរ គឺ ៖ ១-កញ្ញា លឹម ផាន់ណា និង២-លោកស្រី ឡុង លាភសុជាតា ៕