ខេត្តកំពង់ឆ្នាំង ៖យឿត្រីមួយកន្លែងនៅចំណុចចុងកោះ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលទទួលបានសិទ្ធិក្នុងការប្រមូលភាស៊ីពីផលនេសាទ គឺមិនបានអនុវត្តតាមគោលការណ៍ណែនាំ និងសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឡើយ ដោយបណ្ដោយឲ្យមានការចោលសំរាមយ៉ាងអាណាធិបតេយ្យក្លាយ ជាទីកន្លែងចាក់សំរាម ធ្វើអោយបាត់បង់សោភ័ណភាព បរិស្ថាន ទាំងលើគោកនិងក្នុងទឹក ក៍ដូចជាប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ ព្រោះតែនៅជាប់ទីនោះគឺមានកំពង់ផែដឹកជញ្ជូនអ្នក ដំណើររួមទាំងភ្ញៀវទេសចរណ៍ផងដែរ ។
ទាក់ទងនឹងបញ្ហាខាងលើនេះ លោក បេសារុំ អភិបាលរងក្រុងកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ជាក់ ឲ្យដឹងថា នៅខាងក្នុងនិងជុំវិញបរិវេណយឿត្រី ចុងកោះ គឺជាការទទួលខុសត្រូវ ដោយម្ចាស់យឿត្រី ដែលមាន លោក សួងប៊ុនសុង ជាអ្នកទទួលបានសិទ្ធិក្នុងការប្រមូលភាស៊ីពីផលនេសាទ ព្រមទាំងជាអ្នកទទួលខុសត្រូវក្នុងការសំអាតបរិស្ថានផងដែរ ។ ប៉ុន្តែកន្លងមក លោក សួង ប៊ុនសុង មិនបានជួលក្រុមហ៊ុន ប្រមូលសំរាមឲ្យទៅប្រមូលសំរាមនៅចំណុចយឿត្រីនោះទេ ។ កន្លងមកលោកតែងយករថយន្ត ទៅប្រមូលសំរាម នៅជុំវិញនោះ(ក្រៅបរិវេណយឿត្រី .តែជាប់គ្នា)ដឹកចេញ ។ ជាក់ស្ដែងព្រឹកនេះលោកបានយករថយន្ត ៣ គ្រឿងដឹកសំរាមចេញ ដោយខ្លួនឯង ។យ៉ាងនេះក្តីលោកនឹងព្យាយាម ណែនាំ ឲ្យលោកសួង ប៊ុនសុងរៀបចំសំអាតប្រមូលសំរាមចេញពីកន្លែងយឿត្រីនោះផងដែរ ។
នៅព្រឹកថ្ងៃដដែលនោះដែរ លោក សួង ប៊ុនសុង ដែលជាអ្នកទទួលម៉ៅការប្រមូលភាស៊ីយឿត្រី បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា មូលហេតុដែលលោកមិនព្រម ជួលក្រុមហ៊ុនដឹកសំរាម ឱ្យចូលប្រមូលសំរាម កន្លែងនោះ ព្រោះតែសំរាមមានត្រឹម១ការុង២ការ៉ុង ក្រុមហ៊ុនប្រមូលសំរាមទារថ្លៃដល់ទៅ ៣០ម៉ឺនរៀល លោកឱ្យ ១៥ ម៉ឺនរៀលក្នុងមួយខែ តែក្រុមហ៊ុនមិនព្រម ហេតុនេះហើយ លោកសុខចិត្តប្រមូលសំរាមដឹកចេញដោយខ្លួនឯង ។
ហើយនៅព្រឹកនេះដែរលោកក៏បានទទួលការណែនាំបន្ថែម ពី អាជ្ញាធរក្រុងកំពង់ឆ្នាំង ដោយឲ្យប្រមូលសំរាមឲ្យអស់នៅព្រឹកនេះ លោកកំពុងតែអនុវត្តតាមហើយ។
សូមបញ្ជាក់ដែរថាជុំវិញបរិវេណយឿត្រីទាំងទៅមាត់ច្រាំងទន្លេ ទាំងនៅក្នុងទឹកទន្លេ លើ ថ្នល់ និងតាមប្រឡោះរោងលក់ឈើឬស្សី ពោរពេញដោយសំរាម មាន ថង់ប្លាស្ទិក សំបកការ៉ុង ប្រអប់បាយ កំទេចឈើ និងសំរាមផ្សេងៗទៀតជាច្រើន ដែលធ្វើអោយប៉ះពាល់ដល់បរិស្ថាន ទាំងលើគោកនិងក្នុងទឹក ក៏ដូចជាវិស័យទេសចរណ៍ ផងដែរ ៕