ខេត្តបន្ទាយមានជ័យ៖លោក ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារ ធនធានមនុស្ស តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃចន្ទ១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១ បានដឹកនាំកម្លាំងនគរបាលធ្វើពលកម្ម សម្អាតអនាម័យរៀបចំឈួសដី ស្រោចទឹកផ្កា និងថែទាំសួន ដើម្បី បរិស្ថានល្អ និងសោភ័ណភាពស្អាត ជុំវិញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ការធ្វើពលកម្មនេះ ធ្វើឡើងក្រោយពីពិធីគោរពទង់ជាតិចប់ និងក្រោយស្រស់ស្រូបអាហារពេលព្រឹក ក្នុងគោលបំណង ដើម្បីចំណងសាមគ្គីភាពជាកម្លាំង និងលើកកម្ពស់សុខមាលភាពកងកម្លាំងនគរបាល ដែលកំពុងបំពេញការងារប្រចាំថ្ងៃ។ ក្រៅពីនេះក៏ជាការលើកសោភ័ណភាព អនាម័យ បរិស្ថាន កន្លែងធ្វើការ និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត ក៏បានរំលឹកដល់កងកម្លាំងទាំងអស់ត្រូវរៀនរស់នៅ ធ្វើការជាមួយកូវីត និងត្រូវថែសុខភាពឲ្យបានល្អ ហើយត្រូវបន្តអនុវត្តន៍គោលការណ៍សុខាភិបាលគឺ៣កុំ ៣ការពារ ៕
ដោយ៖លោកចាន់ពុធ