ខេត្តកណ្តាល៖ ល្បែងសុីសងជល់មាន់ជ្រកក្រោមស្លាកនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ”កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងមានពលរដ្ឋខ្មែរចូលលេងជារៀងរាល់ថ្ងៃ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធមិនមានវិធានការបង្រាប ។
កាស៊ីណូនេះមានទីតាំង នៅជាប់ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ស្ថិតក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ជារៀងរាល់ថ្ងៃគេតែងតែឃើញជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។
យោងតាមប្រភពពីអ្នកចេញចូលលេងល្បែងសុីសងបានឲ្យដឹងថា មូលហេតុដែលមានជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់អាចចូលលេងល្បែងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” នេះបាន ដោយសារមានមន្ត្រីយោធាថ្នាក់ធំម្នាក់ នៅពីក្រោយខ្នង និងមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ជាពិសេសមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណតែម្តង បានជាអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធមិនធ្វើការចុះបង្ក្រាប។
ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធត្រូវរ៉ូវគ្នាជាមួយ ម្ចាស់កាស៊ីណូទេដឹងទើបបណ្តែតបណ្តោយ អោយលេងយ៉ាងសុខស្រួលបែបនេះ ។
គួររំលឹកថា សជណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្រ្តី គឺអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត(កាស៊ីណូ) រាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ គឺដាច់ខាតគ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងខុសច្បាប់នៅក្នុង(កាស៊ីណូ)ជាដាច់ខាត។
ពាក់ព័ន្ធរឿងល្បែងសុីសងខុសច្បាប់ជ្រកក្រោមស្លាក់កាស៊ីណូ” ថ្មពេជ្រ ” នេះសារព័ត៌មានយើងនៅថ្ងៃទី១៤ខែមករា២០២២នេះមិនអាចសុំការបំភ្លឺរឺបកស្រាយពីមន្រ្តីពាក់ព័ន្ធបាននៅឡើយទេ។
ប្រជាពលរដ្ឋសូមណូមពរ សូមអោយឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាលនិងលោកឧត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល មានវិធានការណ៍ចុះបង្ក្រាបផង ពីព្រោះប្រជាពលរដ្ឋមានជំនឿពីការដឹកនាំល្អ និង ម៉ឺងម៉ាត់ របស់លោកស្នងការ នាពេលកន្លងមក។
ដើម្បីតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុចព្រោះថា បើមានល្បែងសុីសងខុសច្បាប់ទាំងនេះហើយគឺតែងតែមានអំពើលួចឆក់ប្លន់និងអំពើហិង្សាជាដើម។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយើងនឹងរង់ចាំការបកស្រាយបំភ្លឺ ពីភាគីពាក់ព័ន្ធ ទាំងអស់រៀងរាល់ម៉ោងធ្វើការ៕