ខេត្តបន្ទាយមានជ័យ ៖ ឃាតខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចម៉ូតូ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យហើយកាលពីរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថានៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២២ មានករណីលួចម៉ូតូមួយបានកើតឡើងនៅចំណុចម្ដុំផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា ជនរងគ្រោះមានឈ្មោះ ឡេង សុផល ភេទប្រុស អាយុ៥៥ឆ្នាំ បានទុកម៉ូតូរបស់ខ្លួន០១គ្រឿង ម៉ាកហុងដាហ្សូម័រអុិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ 1P-5318 នៅមុខផ្ទះដោយមិនបានដកកូនសោរម៉ូតូចេញនោះទេ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ លោកបានចាត់កម្លាំងឲ្យចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ លុច ភិរុណ ភេទប្រុស អាយុ៣០ឆ្នាំ ព្រមទាំងដកហូតបានម៉ូតូរបស់ជនរងគ្រោះបានមកវិញផងដែរ នៅពេលដែលជនស្ស័យយកម៉ូតូទៅបិទស្គុតដើម្បីកុំឲ្យគេស្គាល់ នៅកន្លែងបិទស្គុតម៉ូតូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត នៅវេលាម៉ោង១២និង៥២នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបន្តទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួចមកបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយយកទៅលាក់ទុក ក្រោយមកខ្លួនបានយកម៉ូតូនោះទៅបិទស្គុតដើម្បីកុំឲ្យម្ចាស់គេមើលស្គាល់ តែត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្ដង ។
ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាងផងនោះ ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត ចំណែកម៉ូតូត្រូវបានកម្លាំងក្រុងប៉ោយប៉ែតប្រគល់ជួនម្ចាស់ដើមវិញហើយ ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕