ក្រុងប៉ោយប៉ែត ៖ មានករណីគ្រោះចរាចរណ៍មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ខាងកើតផ្លូវចូលភូមិសុខសាន្តប្រហែល៣០០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ថិតនៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០២២នេះ នៅវេលាម៉ោង២១ និង០០នាទី ។
ប្រភពពីនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនរងគ្រោះជិៈម៉ូតូម៉ាក YAMAHA EXCITOR ពណ៍ខ្មៅគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ បាន ស្លាប់នៅកន្លែងកើតហេតុ ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តដឹកទឹកកកពណ៌សដែលមានបិទយីហោឈ្មោះថា《សេះហោះមានជ័យ》លក់ទឹកកកដើមនិងអនាម័យ ពាក់ស្លាកលេខ បន្ទាយមានជ័យ 3A- 1713 ធ្វើដំណើរក្នុងទិសដៅបង្ច្រាស់ទិសគ្នា។
សមត្ថកិច្ចបានបញ្ជាក់ថា សាកសពរបស់ជនរងគ្រោះខាងលើត្រូវបានដឹកយកទៅរក្សាទុកនៅវត្ត រតនៈនិមិត្តកូនដំរី រង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានចុះទៅធ្វើការវាស់វែងរួចយកម៉ូតូនិងរថយន្តទៅរក្សាទុកបណ្ដោះ អាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្ត៕