ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ចការពារតាមខ្សែបន្ទាត់ព្រំដែលកម្ពុជា-ថៃនៃខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនបងប្អូនពលករដែលបានប្រឡប់មកពីប្រទេសថៃវិញចំនួន ៦២នាក់ ក្នុងមានស្ត្រី២៧នាក់ និងកុមា ចំនួន១២នាក់ បានលួចឆ្លងដែនមកវិញចំនួនពីរលើកក្នុងថ្ងៃទី១១ ខែមិនា ឆ្នាំ ២០២២ ។
ករណីទី១ ៖ មានប្រជាពលរដ្ឋចំនួន ២៧នាក់ ក្នុងនោះមានស្ត្រី១៣នាក់ និង កុមារ០៤នាក់ បានវិលត្រឡប់មកពីប្រទេសថៃវិញតាមភូមិសាស្រ្តប៉ុស្តិ៍ចំបក់ ពួកគាត់មានទីលំនៅក្នុងខេត្ដចំនួន ០២គឺ៖ទី១ រស់នៅខេត្តសៀមរាបមានចំនួន ២២នាក់ និង ទី២រស់នៅខេត្តបាត់ដំបង ០៥នាក់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦និង៣០នាទី ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ធ្វើការណែនាំស្ដីពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩រួចកម្លាំងប៉ុស្ដិ៍ចំបក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍ សហការជាមួយគ្រូពេទ្យមន្ទីរពេទ្យបង្អែកម៉ាឡៃសន្ដិភាព កម្លាំងផ្នែកសឹករងស្រុកម៉ាឡៃ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ។
ករណីទី២ ៖ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៨និង៣០នាទី មានបងប្អូនប្រជាពលរដ្ឋចំនួន ៣៥នាក់ ក្នុងនោះមានស្ត្រី ១៤នាក់ និងកុមារ០៨នាក់ បានវិលត្រឡប់មកពីប្រទេសថៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ នៅត្រង់ចំណុចកំពង់បងសល់ ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន០៥គឺ ៖ទី១.សៀមរាប ០២នាក់ ទី២. បន្ទាយមានជ័យ ០៤នាក់ ទី៣. កំពង់ធំ ០២នាក់ ទី៤. បាត់ដំបង ០២នាក់ និងទី៥. ឧត្តមានជ័យ ២៥នាក់ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ រួចកម្លាំងប៉ុស្តិ៍សង្កែ ដឹកនាំដោយលោកអនុសេនីយ៍ឯក សុិន ប៊ុនធឿន នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំបឹងបេង និងកម្លាំងកងពល៥១ បានប្រគល់ពួកគាត់ជូនក្រុមគ្រូពេទ្យ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ៕