ក្រុងប៉ោយប៉ែត ៖ នៅថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នៅវេលាម៉ោង០១និង៣០នាទីទៀបភ្លឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់បានកើតឡើងរវាងរថយន្ត ស៊េរីទំនើបម៉ាក lexus Rx 330 ពណ៌ស បើកបរដោយជនជាតិចិន បោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្ន ទៅបុកជាមួយម៉ូតូបណ្ដាលអោយបុរសពីរនាក់បានស្លាប់បាត់បង់ ជីវិតនៅកន្លែងកើតហេតុភ្លាមៗហេតុការណ៍នេះនៅបណ្ដោយផ្លូវជាតិលេខ៥ទល់មុខនឹងក្រុមហ៊ុនម៉ូតូហុងដា ស្ថិតនៅក្នុងភូមិបាលិល័យ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បើយោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាមានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបង្កស៊េរីទំនើបម៉ាក lexus rx330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៖2AU-1911បើកបរដោយជនជាតិចិន បើកបរពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានបុកម៉ូតូ១គ្រឿងម៉ាក់ហុងដាស៊េរីឆ្នាំ ២០១២ពណ៌ខ្មៅ គ្មានស្លាកលេខ មួយគ្រឿង បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរម្នាក់ មិនស្គាល់អត្តសញ្ញាណ រថយន្តបានបុកពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់មនុស្ស ២នាក់ នៅនឹងកន្លែងកើតហេតុ ហើយបានជ្រុលទៅបុករថយន្តស៊េរីទំនើប ០១គ្រឿងទៀតម៉ាក់ ford ពណ៌ខ្មៅគ្មានស្លាកលេខបណ្ដាលឱ្យរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ។
បច្ចុប្បន្នរថយន្តបង្កត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការក្រុងប៉ោយប៉ែតធ្វើការវាស់វែងរួចស្ទូចយកទៅរក្សាទុកនៅអធិការក្រុងរីឯសាកសពជនរងគ្រោះទាំងពីរនាក់រងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយលោក ចាន់ ពុត