ខេត្ដស្វាយរៀង៖មនុស្សប្រុសស្រីចំនួន១៤នាក់បានរងរបួសធ្ងន់ស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍វរាងរថយន្ដនិងម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៩និង៣០នាទី លើផ្លូវជាតិលេខ១៣ចន្លោះគីឡូម៉ែត្រលេខ(១៣.១៤) ស្ថិតក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿង បើកបរដោយឈ្មោះ អុិន សំណាង ភេទ ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាវេវពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង 1N.1997 បើកបរក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់កន្លែងកើតហេតុក៏បានបុកជាមួយនឹងរថយន្តម៉ាកTacoma ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AG.5479 បើកបរក្នុងទិសដៅពីជើងទៅត្បូងដោយអ្នកបើកបររថយន្តឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៨ ឆ្នាំ មុខរបរជាងដែក រស់នៅភូមិសំរោង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកឯម៉ូតូនិងរថយន្ដរងការខូចខាតយ៉ាងដំណំ។
ប្រភពដដែលបានបន្ដទៀតថា ពេលមានគ្រោះថ្នាក់ចរាចរណ៍រួចហើយក៏មានរថយន្ត ចំនួន២ គ្រឿងទៀតធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកគ្នាពីក្រោយទៀត ដោយ រថយន្តម៉ាក ASIA GRAN BIRD ពណ៌សពាក់ស្លាកលេខ ព្រៃវែង 3A.1887 និងងមានរម៉កសណ្ដោងពាក់ស្លាកលេខ ភ្នំពេញ 4A.5275 បើកបរដោយឈ្មោះ អុិត សូដា ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរបើកបរ រស់នៅភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងរថយន្តដឹកកម្មករមួយគ្រឿងទៀតម៉ាក 《ហុីយ៉ាន់ដាយខោនធី》ពណ៌សលាយស្វាយ ពាក់ស្លាកលេខ ភ្នំពេញ 3B.1680 បើកបរដោយឈ្មោះ ចែម សារី ភេទ ប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង បុកពីក្រោយបណ្ដាលឱ្យកម្មករនៅក្នុងរថយន្តនិងរបួសចំនួន១៣ នាក់ និងរងរបួសធ្ងន់ ៤ នាក់ ។
សមត្ថកិច្ចសន្និដ្ឋានថា៖រថយន្តTacoma ពាក់ផ្លាកលេខភ្នំពេញ 2AG.5479បើកបរមិនប្រកាន់ស្ដាំ។
បច្ចុប្បន្នអ្នករងរបួសធ្ងន់បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងនិងអ្នករងរបួសស្រាលបញ្ជួនទៅមន្ទីរពេទ្យឯកជនរីឯមធ្យោបាយទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលចំណែកឯអ្នកបើកបររថយន្តដឹកកម្មករ និងអ្នកបើករថយន្តម៉ាកASIA GRAN BIRD ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុករំដួល ដើម្បីបន្តនីតិវិធី៕