ខេត្តស្វាយរៀង ៖ ក្រោយពីមានការចុះផ្សាយព័ត៌មានជាច្រើនអង្គភាពមកពាក់ព័ន្ធករណីលេងល្បែងសុីសងជល់មាន់ និងអាប៉ោង នៅក្នុងភូមិតាសួស ឃុំដូង ស្រុករមាសហែក លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានដឹកនាំកម្លាំងចុះបង្ក្រាបតែអ្នកលេងរត់បាត់អស់គ្មានសល់ម្នាក់ ហាក់ដូចមានគេប្រាប់មុន។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចបានហៅម្ចាស់ទីតាំង២នាក់មកធ្វើកិច្ចសន្យាទី១.មានឈ្មោះ មាឃ អុន ភេទប្រុស អាយុ៥២ ឆ្នាំ រស់នៅភូមិ តាសួស ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ និងទី២.មានឈ្មោះ កែវ យ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរយោធា មានទីលំនៅភូមិ ព្រិច ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធអេឡិចត្រូនិច (តេឡេក្រាម) ថា ករណីនេះលោកបានដឹង២ថ្ងៃហើយ តែលោកបានចំរៀបផែនការនៅថ្ងៃសៅរ៍ – អាទិត្យ នេះដើម្បីក្រសោបយកទាំងអស់ព្រោះមានអ្នកលេងច្រើន តែត្រូវបែកការមុន ។
បើយោងតាមប្រភពពីបងប្អូនប្រជាពលរដ្ឋនៅក្បែកន្លែងទីតាំងលេងល្បែងបានលួចខ្សឹបប្រាប់ក្រុមការងារព័ត៌មានយើងថាទីតាំងនេះបើកលេងប្រហែលជាង២ខែហើយមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកបង្ក្រាបនោះទេ ទើបតែនៅពេលនេះទើបភ្ងាក់ខ្លួនដោយសារខាងសារព័ត៌មានធ្វើការចុះផ្សាយ។
គួរំលឹកផងដែរថាកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានយើងបានចុះផ្សាយមួយលេខដែលមានចំណងជើងថា៖《លោក យ៉ាន់ និងលោក អុន ពិតជាមានអំណាចមែន ទើបបើកទីតាំងលេងល្បែង ជល់មាន់ អាប៉ោងបានយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនហ៊ានបង្ក្រាប!》
ប្រជាពលរដ្ឋសាទរចំពោះការចុះបង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទរបស់លោកអភិបាលស្រុករមាសហែក តែពួកគាត់មានការងឿងឆ្ងល់ថាហេតុអ្វីពេលចុះបង្ក្រាបអ្នកលេងល្បែងបែជារត់បាត់អស់គ្មានសល់ម្នាក់ដូចបានដឹងមុនឬ អ្នកញៀនល្បែងទាំងនោះចេះសិល្ប៍បំបាំងកាយមិនអោយអាជ្ញធរនិងសមត្ថកិច្ចមើលឃើញ តែទោះជាយ៉ាងណាក្តីក៏បងប្អូនប្រជាពលរដ្ឋមានការសប្បាយចិត្តដែរចំពោះចំណាត់ការរបស់លោកអភិបាលស្រុក ដើម្បី សន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋាន និង
ឲ្យស្របតាមគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕