កណ្តាល៖លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ត្រូវបានលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចេញដីកាកោះហៅ ឲ្យចូលមកបំភ្លឺ ពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និង ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត តាមបណ្ដឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ។
នេះបើយោងតាមដីកាកោះរបស់តុលាការ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ ។
តុលាការបានកោះហៅលោក អុល ប៊ុណ្ណា ក្នុងនាមជា «ជនសង្ស័យ» មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទីព្រឹក ។
លោក អុល ប៊ុណ្ណា ត្រូវអញ្ជើញតាមដីកាកោះនេះឲ្យបានទាន់ពេលវេលានិងយកលិខិតផ្សេងៗដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន ។
ពាក់ព័ន្ធបញ្ហានេះ លោក អុល ប៊ុណ្ណា ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះថា លោកមិនទាន់បានទទួលដីកាកោះពីតុលាការនៅឡើយទេ ហើយលោកក៏មិនដឹងរឿងអ្វីដែរ តែលោកអះអាងថានឹងឲ្យមេធាវីស្រាវជ្រាវករណីនេះបន្ថែមទៀត ។
គួររំឭកថា កាលពីដើមឆ្នាំ២០២១ កន្លងទៅ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសុំមហាផ្ទៃ ធ្លាប់បានចេញប្រកាសមួយដោយដាក់អនុវត្តវិន័យក្រោមរូបភាព «ព្រមានលើកទី១» ចំពោះលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា អត្តលេខ៦១៧៤៣ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផងដែរ មូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ» ៕