ស្វាយរៀង៖នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចូលរួមអបអរសាទរការដង្ហែក្បួនពានរង្វាន់ជ័យលាភីលេខ១របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១ ដែលបានទៅលេីវិទ្យាល័យស្វាយរៀង ក្រុងស្វាយរៀង។
មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានសម្តែងនូវការអបសារទរចំពោះការខិតខំប្រឹងប្រែងរបស់លោកនាយកសាលា និងគណៈគ្រប់គ្រងសាលា ព្រមទាំងសប្បុរសជននានាដែលជាអតីតសិស្សបានជួយឧត្ថម្ភគាំទ្រលេីការកែលម្អរទីធ្លាសាលាឲ្យមានសោភ័ណ្ឌភាពរហូតទទួលបានពានរង្វាន់លេខ១សម្រាប់សាលាស្អាតទូទាំងប្រទេសដែលយេីងបានឃេីញនៅថ្ងៃនេះ។
លោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀងបានឲ្យដឹងថា លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» កើតមានឡើងដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សគ្រប់ដៃគូសហការទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តមានតម្លៃ និងសំខាន់ខ្លាំងណាស់ពិសេសក្រោមការដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសាលាវិទ្យាល័យស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅដើម្បីកែលម្អឲ្យមានសោភ័ណភាពល្អផងដែរ។
លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណលោក លោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឃន៍បរិស្ថានវិទ្យាល័យស្វាយរៀង ឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខណ្ឌទូទាំង ប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។
សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០ ០០០រៀលផងដែរ៕