ខេត្ដស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ដកុងតឺន័រជាមួយរថយន្ដធុនតូច និង ម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ។
ហេតុការនេះកើតឡើងនៅថ្ងៃ អង្គារ ១០ កើត ខែ ពិសាខ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២២ វេលាម៉ោង ២៣និង០១ នាទី នៅតាមបណ្ដោយផ្លូវជាតិលេខ ០១ត្រង់ចំនុចគីឡូម៉ែត្រ ១៣១/១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ខេត្ដស្វាយរៀង ។
ប្រភពពីកន្លែងហេតុបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្ដកុងតឺន័រម៉ាក្ស Fuso ពណ៏ ស ពាក់ស្លាកលេខ ភ្នំពេញ 3E.4528 សណ្ដោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A .5512 អ្នកបើកបរមមិនស្គាល់អត្តសញ្ញាណ បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានបុកជាមួយ រថយន្ដម៉ាក Corola ពណ៏ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2K.4897 បើកបរដោយឈ្មោះ សួស តាក់ច័ន្ទធីតា ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនស្គាល់ រស់នៅភូមិ ព្រៃរំដួល ឃុំ ប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បើកបរក្នុងទិសដៅផ្ទុយគ្នាពីលិចទៅកើត បណ្ដាលឲ្យរថយន្ដរងខូចខាតយ៉ាងដំណំ ចំណែកឯអ្នកបើកបររត់គេចពីកន្លែងកើតហេតុ ស្របពេលនោះក៍ម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៏ ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ កែវ ចាន់រ៉ា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ព្រៃសម្ភ័រ ឃុំ សំបួរ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរពីកើតទៅលិច បានបុករថយន្ដម៉ាក Corola ហើយខ្ទាតចូលរថយន្ដកុងតឺន័រ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានយក មធ្យោបាយរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង ។ចំណែកឯសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕