ខេត្តព្រះសីហនុ ៖ បុរសជាប្តីម្នាក់បានប្រើអំពើហិង្សា ដោយយកដំបងឈើ វាយទៅលើភរិយារបស់ខ្លួនកំពុងមានផ្ទៃពោះ បណ្តាលឲ្យរងរបួសធ្ងន់ រលូតកូនក្នុងផ្ទៃ និងក្រោយមកស្ត្រីរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ ករណីហិង្សានេះ បានកើតឡើងកាលពីម៉ោងជាង ៩ យប់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២២ នៅក្នុងគ្រួសារមួយ ស្ថិតនៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើយោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាប្តី ឈ្មោះ យ៉ែម ចិន្តា ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ កម្មករដុតធ្យូង បានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ វុន វ៉ាន់ ភេទស្រីអាយុ ៣៦ឆ្នាំ ត្រូវជាភរិយារបស់ខ្លួន រស់នៅក្នុងផ្ទះជាមួយគ្នា ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយបានស្លាប់នៅមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០២២។
ប្រភពពីអ្នកជិតខាងអះអាងថាគ្រួសារនេះនៅមានកូនតូចៗនៅក្នុងផ្ទះចំនួន៥នាក់ទៀត អាយុពី១៥ឆ្នាំចុះក្រោម (ប្រុស៣នាក់ស្រី២នាក់) ក្លាយទៅជាកូនកំព្រា នឹងជួបការលំបាក ដោយសារតែស្ត្រីជាម្តាយបានស្លាប់ ហើយបុរសជាឪពុកកំពុងរត់គេចខ្លួនចេញពីផ្ទះ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមស្វែងរកបុរសជាប្តីដើម្បីចាត់ការតាមនិតិវិធី៕