ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ ក្រសួងសុខាភិបាលពិនិត្យឃើញមានគណនីបណ្តាញសង្គមហ្វេសប៊ុកចំនួន២ គឺ ១-Jee Ni Ka ,២-Multi Vitamin Plus ដែលកំពុងបានផ្សព្វផ្សាយលក់ ឬចែកចាយឱសថឈ្មោះ MULTIVITAMIN PLUS គ្មានលេខបញ្ញីកាពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ញីកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ,២-ផ្នែកខាងក្រោមមានលេខបញ្ញីកា ដូចមានគំរូភ្ជាប់ជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថ MULTIVITAMIN PLUS ដែលគ្មានលេខបញ្ជីកា ជាបន្តទៀត ព្រោះឱសថនេះ មិនអាចធានាបាននូវប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់ អ្នកប្រើប្រាស់ទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលផ្សព្វផ្សាយលក់ ឬចែកចាយឱសថគ្មានលេខបញ្ញីកាខាងលើ រួមទាំងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ផ្សព្វផ្សាយលក់ ឬចែកចាយឱសថខាងលើនេះ ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណា ដែលបានកំពុងផ្សព្វផ្សាយលក់ ឬចែកចាយឱសថគ្មានលេខបញ្ចីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងផ្សព្វផ្សាយលក់ ឬចែកចាយឱសថ ដែលគ្មានលេខបញ្ជីកា សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥ ,០១២ ៩៨៣ ៣៣៤,០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦,០១៧ ៨៦៦ ៧៦០៕