ខេត្ដស្វាយរៀង ៖ ននៅថ្ងៃសៅរ៍ ១០រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ នាង សុជីវី និងក្រុមការងារបាននាំយកទៀនវស្សាព្រះវស្សា គ្រឿងបរិក្ខារ និងបច្ច័យ មកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តតាសួស ហើយក៏បានចុះពិនិត្យមើលទីតាំងកសាងរូបសំណាកព្រះអង្គគោកធ្ល និងរៀបចំសួនច្បាជំវិញស្រះទឹកផងដែរ ដែលមានព្រះគ្រូយសសិរីមុនីទេព គង់ សំប៊ុនឈឿន ព្រះវិន័យធរអនុគណស្រុកស្វាយជ្រំ ជាចៅអធិការវត្ត ស្ថិតក្នុងភូមិស្វាយក្អែ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅក្នុងពិធិនោះក៏មានការនិមន្តនិងអញ្ជើញចូលរួមពីព្រះគ្រូយសសិរីមុនីទេព គង់ សំប៊ុនឈឿន ព្រះវិន័យធរអនុគណស្រុកស្វាយជ្រំ ដែលជាចៅអធិការវត្តវត្តតាសួស ព្រះសង្ឃគ្រប់អង្គ លោកឧត្តមសេនីយ៍ទោ នាង សុជីវី និងក្រុមការងារ លោកស្រីមេឃុំ ក្រុមព្រឹក្សាឃុំតាសួស ព្រមទាំងលោកគ្រូអាចារ្យ គណៈកម្មការវត្តផងដែរ ។
នាឱកាសនោះលោកឧត្តមសេនីយ៍ទោ នាង សុជីវី បានថ្លែងថាពិធីនេះអាចប្រព្រឹត្តទៅបានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ពុទ្ធបរិស័ទមានគួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយលើវិស័យព្រះពុទ្ធសាសនានៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោកបានបន្តទៀតថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សានេះមានរយៈពេល៣ខែ ដោយ ចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ហើយបញ្ចប់ទៅវិញនៅថ្ងៃ១៥កើតខែអស្សុជ តាមព្រះវិន័យព្រះពុទ្ធសាសនា ដែលបាន កំណត់ថា ព្រះសង្ឃមិនអាចនិមន្ត ចេញទៅបិណ្ឌបាត នៅខាងក្រៅឆ្ងាយៗពីវត្តបានឡើយដោយគង់នៅចាំ ព្រះវស្សា ក្នុងទីវត្តអារាម រហូតពេញអស់មួយត្រីមាសតែម្ដង។ ដូច្នេះហើយទើបជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទក៏ដូចជា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ តែងតែនាំគ្នាយកទៀន
ព្រះវស្សា និងទេយ្យទានទៅវេរប្រគេនព្រះសង្ឃមុនថ្ងៃចូលព្រះវស្សា។
បន្ថែមពីនេះលោកបានគូសបញ្ជាក់ថាទីវត្តអារាម គឺជាមូលដ្ឋានគ្រឹះនៃអក្សរសាស្ត្រខ្មែរយើងដែលជាជង្រុកនៃសម្បត្តិ វប្បធម៌ជាតិ និងជាថ្នាលបណ្តុះបណ្តាលនូវធនធានមនុស្សទាំងវិស័យអាណាចក្រ និងពុទ្ធចក្រទៀតផង។
ឆ្លៀតក្នុងឪកាសនោះលោកឧត្តមសេនីយ៍ទោ នាង សុជីវី និងក្រុមការងារក៏បានចុះពិនិត្យទីតាំងកសាងរូបសំណាកព្រះអង្គគោកធ្លក និងរៀបចំសួនច្បានៅជំវិញស្រះទឹកដើម្បីកែលំអរសោភ័ណ្ឌភាពក្នុងទីវត្តអារាមដែលជាទីកន្លែងសម្រាប់គោរពបូជារបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងដើម្បីលើកកម្ពស់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។
ជាមួយគ្នានោះដែរលោកក៏ក្រើនរំលឹកដល់បងប្អូនប្រជាពុទ្ធបរិស័ទសូមឲ្យចូលរួមអនុវត្តវិធានការ 《៣កុំ ៣ការពារ 》ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល និងសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទាំងអស់គ្នា ចាប់ពីដូសមូលដ្ឋាន ដូសជំរុញ «ដូសទី៣ ទី៤ទី៥» ឲ្យបានគ្រប់ៗគ្នា ។
ព្រះគ្រូយសសិរីមុនីទេព គង់ សំប៊ុនឈឿន ព្រះវិន័យធរអនុគណស្រុកស្វាយជ្រំ ដែលជាចៅអធិការវត្តតាសួស ព្រះសង្ឃគ្រប់អង្គ លោកគ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមគោរពថ្លែងអំណរគុណចំពោះលោកឧត្តមសេនីយ៍ទោ នាង សុជីវី និង ក្រុមគ្រួសារ ព្រមទាំងក្រុមការងារ សូមមានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ចការងារ និង សមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕