ខេត្ដស្វាយរៀង៖ ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា យុវជនម្នាក់ត្រូវមានជំនាញមួយយ៉ាងតិចប្រចាំជីវិត ដើម្បីទទួលបានជំនាញបច្ចេកទេស ចំណេះដឹងពិតប្រាកដ ក្នុងការស្វែងរកការងារធ្វើ ទទួលបានប្រាក់ចំណូលខ្ពស់ លើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង និងរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ការលើកឡើងរបស់ឯកឧត្តម រស់ ផារិទ្ធ ក្នុងឱកាសអញ្ជើញតំណាងអភិបាលខេត្ត ចូលរួមពិធីប្រជុំបូកសរុបលទ្ធផលបណ្តុះបណ្តាល ក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TEVETSDP/ADB/AFD Loan នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងនាមគណៈកម្មការបណ្តុះបណ្តាលខេត្ត ឯកឧត្តម រស់ ផារិទ្ធ បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត អាជ្ញាធរឃុំ សង្កាត់ ដែលបានផ្តល់កិច្ចសហការល្អ ក្នុងការបណ្ដុះបណ្ដាលក្រោមគម្រោងអភិវឌ្ឍន៍វិស័យអប់រំ បច្ចេកទេស និងវិជ្ជាជីវៈនាពេលកន្ងមក ក្នុងគោលបំណង លើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស កម្លាំងពលកម្មជំនាញពិតប្រាកដ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាការងារ លើកស្ទួយកម្រិតជីវភាពរស់នៅ និងបង្កើនផលិតភាពការងារ និងការប្រកួតប្រជែង។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានសំណូមពរដល់ លោក លោកស្រី មេឃុំ ចៅសង្កាត់ទាំងអស់ សូមផ្ដល់កិច្ចសហការល្អជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិតេជោសែន ស្វាយរៀង ពិសេសផ្តោតសំខាន់លើការផ្សព្វផ្សាយ អប់រំ ណែនាំដល់ឲ្យប្រជាពលរដ្ឋ ពិសេសសិស្ស និស្សិត ដែលបោះបង់ការសិក្សា គ្រួសារក្រីក្រ ដែលនៅទំនេរ មិនទាន់មានការងារធ្វើ សូមជួយជំរុញឲ្យពួកគាត់បានមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង ឬនៅតាមសហគមន៍នៅមូលដ្ឋាន ស្របទៅនឹងប្រធានបទ «TVET បង្កើនផលិតភាពការងារ និងការប្រកួតប្រជែងខ្ពស់» និងសំដៅសម្រេចឲ្យបាននូវគោលដៅ ដែលកំណត់ផងដែរ៕