ស្វាយរៀង ៖ កាលពីថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ពស ២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នេះ លោកស្រី ពៅ បណ្តាំ មេឃុំសួសបាននាំយកទេយ្យទាន និងបច្ច័យរបស់លោកជំទាវកិតិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹត្តិភានិងអធិការកិច្ចមកវេប្រគេនព្រះសង្ឃចំនួន ៣វត្ត នៅឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
នៅក្នុងពិនោះដែរក៏មានការអញ្ជើញចូលរួមពីក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្ត លោក លោកស្រីក្រុមព្រឹក្សាឃុំ មេភូមិ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ ។ វត្តទាំងបីនោះរួមមានវត្តជោតិការាម វត្តសង្ឃសាមី ហៅតាសួស និងវត្តទួលសាទឹម ដោយក្នុងមួយវត្តៗទទួលបានបច្ច័យ១លានរៀន និងទេយ្យទានគ្រឿងឧបភោគបរិភោគរបស់លោកជំទាវសង្គហបណ្តិត ម៉ែន សំអន និងក្រុមការងារថ្នាក់កណ្តាលថ្នាក់ខេត្តបាននាំយកទេយ្យទានរួមជាមួយបច្ច័យមួយចំនួនផងដែរ ។
លោកស្រី ពៅ បណ្តាំ បានលើកឡើងថា ថ្ងៃនេះជា ថ្ងៃកាន់បិណ្ឌវេនទី១១ បើតាមទំនាមទំលាប់ ដែលប្រជាពុទ្ធបរិស័ទខ្មែរយើងបានប្រារពធ្វើជារៀងរាល់ឆ្នាំ តាមបែបគន្លងព្រះពុទ្ធសាសនា ដើម្បីនាំយកនូវចង្ហាន់បិណ្ឌបាត្រ ទេយ្យទាន និងបច្ច័យផងនោះ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅក្នុងទីអារាមនីមួយៗ ដើម្បីឧទ្ទិសមហាកុសល ផលបុណ្យជូនទៅបុព្វការីជនមាន មាតា បិតា ជីដូន ជីតា គ្រូអាចារ្យ វរៈជនស្នេហាជាតិ និងក្រុមញ្ញាតិ ដែលបានចែកឋានទៅ ព្រមទាំងសន្សំបុណ្យកុសល ដើម្បីខ្លួនឯង កូនចៅ និងប្រទេសជាតិ ឱ្យបានជួបនូវសេចក្តីសុខសប្បាយជារៀងដរាបទៅ ។
សូមជម្រាបជូនថា ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាបុណ្យធំជាងគេ ក្នុងចំណោមពិធីបុណ្យប្រពៃណីទាំងអស់របស់ខ្មែរ ព្រោះពិធីនេះ មានរយៈ១៥ថ្ងៃ គិតចាប់ពីថ្ងៃ០១រោច ដល់ថ្ងៃ១៥ រោចខែភទ្របទ្រ។ ពីថ្ងៃ០១រោច ដល់ថ្ងៃ១៤រោច គេហៅថា ថ្ងៃដាក់បិណ្ឌ ឬថ្ងៃកាន់បិណ្ឌ ថ្ងៃ១៥រោច គេហៅថា ថ្ងៃភ្ជុំបិណ្ឌឬ ភ្ជុំធំ ដែលមានន័យថា ថ្ងៃជួបជុំគ្នាចុងក្រោយ នៃពីធីបុណ្យកាន់បិណ្ឌ។
ប្រជាពលរដ្ឋខ្មែរ តែងតែប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះជាប្រចាំរៀងរាល់ឆ្នាំ មិនដែលខកខាន តាំងពីបុរាណកាលមក ប៉ុន្តែពិធីបុណ្យនេះ ក៏ដូចជាពិធីបុណ្យដទៃទៀតដែរ ៕