ខេត្ដស្វាយរៀង៖ ឯកឧត្តម រស់ ផារិទ្ធអភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុករំដួលថ្មីចំនួន២រូបរួមមាន៖
១- លោក សេក គឹមសាន ឋានន្តរស័ក្កិ អនុមន្ដ្រីថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុករំដួល
២.លោកស្រី តិច សុផា ឋានន្តរស័ក្កិនាយក្រមការ ថ្នាក់លេខ៦ អភិបាលរង នៃគណៈអភិបាលស្រុករំដួល ។
ពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងស្រុករំដួលធ្វើឡើងនៅសាលាស្រុករំដួលនាព្រឹកថ្ងៃអង្គារ ៩ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នេះ ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករងទីចាក់ការធនធានមនុស្ស កងកម្លាំងទាំង ៣ចំណុះសាលាខេត្ត លោក លោកស្រីប្រធាន តំណាងមន្ទីរអង្គភាពនានាក្នុងខេត្ត កងកម្លាំងទាំង ៣ចំណុះសាលាស្រុក លោក លោកស្រីប្រធានការិយាល័យ អង្គភាពចំណុះសាលាស្រុក លោក លោកស្រីមេឃុំ ស្មៀនឃុំនិងប៉ុស្តិ៍រដ្ឋបាលឃុំទាំង ១០ ក្នុងស្រុករំដួល ។
ក្រោយពីបានស្ដាប់របាយការណ៍របស់លោកហែម សុីណា អភិបាលស្រុករំដួល និងការផ្ដាច់ជ្ញាចិត្តរបស់លោក លោកស្រី អភិបាលរងថ្មី រួចមក មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តមអភិបាលរងខេត្តបានផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
គណៈអភិបាលស្រុកដែលទេីបចូលកាន់មុខតំណែងថ្មីនិងជួរគណៈអភិបាលស្រុកទាំងអស់ត្រូវចូលរួមសហការជួយការងាររដ្ឋបាលស្រុក គណៈអភិបាលស្រុក ឱ្យបានល្អពិសេសត្រូវមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ការផ្ដល់សេវាសាធារណៈទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។
ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបបធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាននៃការលើកកម្ពស់ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងាររដ្ឋបាលស្រុក ឱ្យកាន់តែមានភាពល្អប្រសើរ។
ក្នុងនោះរដ្ឋបាលស្រុក ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ (៣ការពារ៣កុំ) និងការដោះស្រាយផលប៉ះពាល់ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជម្រុញ ដឹកនាំការងារចាក់វ៉ាក់សាំងឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជម្រុញ (ទី៣ ទី៤ និងទី៥) ។
ត្រូវចូលរួមបង្កើនកិច្ចសហការក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជាការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈ ការបន្តជំរុញនិងបំផុលចលនាឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។
ទន្ទឹមនោះដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅដោយរលូនទាន់ពេលវេលា។
ទន្ទឹមនោះរដ្ឋបាលស្រុកត្រូវជួយគាំទ្រដល់រដ្ឋបាលឃុំ ក្នុងការរៀបចំយន្តការច្រកចេញចូលតែមួយដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំនិងទទួលសេវា ៕